ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ត្របែកគីឡូ​​ ផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារល្អ នៅក្រុងប៉ៃលិន​

1 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦​នេះ គឺ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ គេ​សង្កេត​ឃើញ​កសិករ​ម្នាក់ កំពុង​ប្រមូល​ផល​ផ្លែ​ត្របែក​គីឡូ​លក់​ឱ្យ​អតិថិជន និង​ម៉ូយ​លើកយក​ទៅ​លក់​បន្ត​នៅ​ក្នុង​ផ្សារ​ក្នុង​ក្រុងប៉ៃលិន ទិញ​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦​នេះ គឺ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ គេ​សង្កេត​ឃើញ​កសិករ​ម្នាក់ កំពុង​ប្រមូល​ផល​ផ្លែ​ត្របែក​គីឡូ​លក់​ឱ្យ​អតិថិជន និង​ម៉ូយ​លើកយក​ទៅ​លក់​បន្ត​នៅ​ក្នុង​ផ្សារ​ក្នុង​ក្រុងប៉ៃលិន ទិញ​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ ដែល​ធ្វើ​ឱ្យ​គាត់​ទទួល​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ មិនសូវ​ព្រួយបារម្ភ​ពី​ការ​ខ្វះខាត​នោះ​ឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កសិករ​ម្នាក់ ឈ្មោះ ថា សុ​ផេ​ត ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ បន្ទាប់​ពី​មេឃ​បង្អុរ​ភ្លៀង​ជាប់​ៗ​គ្នា ដែល​ធ្វើ​ឱ្យ​ដំណាំ​ត្របែក​គីឡូ​របស់​ខ្លួន បាន​លូតលាស់​យ៉ាង​ល្អ ហើយ​ក៏​បាន​បញ្ចេញ​ផ្កា​ផ្លែ​ជា​ច្រើន លុះ​មក​ដល់​ពេល​នេះ​ផ្លែ​ត្របែក​ចាប់ផ្តើម​ធំ​ល្មម​ប្រមូល​ផល​លក់ ក៏​មាន​ម៉ូយ​ចូល​ទៅ​ទិញ​បណ្តើរ​ៗ អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ ពោល​គឺ​គាត់​ចាប់ផ្តើម​បេះ​ផ្លែ​លក់​តាំងពី​ខែមេសា​មក​ម្លេះ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​អស់​នៅឡើយ​ទេ​។

គាត់​បន្ត​ទៀត​ថា ផ្លែ​ត្របែក​គីឡូ របស់​គាត់​មាន​ចំនួន​ជាង​១០០០​ដើម ដោយ​ដាំ​ដុះ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង​៦​ហិ​កតា អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ក៏​បាន​ប្រមូល​ផល​លក់​ច្រើន​ដង​ក្នុង​១​ឆ្នាំ​ម្តង​ៗ បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ តែ​នៅ​ឆ្នាំ​២០២៦​នេះ ដំណាំ​ត្របែក​គីឡូ​របស់​គាត់ ហាក់ដូចជា​មាន​ផ្លែ​ច្រើន ទទួល​បាន​ទិន្នផល​ខ្ពស់ ជាង​សព្វមួយដង​ដោយ​បេះ​ផ្លែ​បណ្តើរ ចេញ​ផ្កា​បណ្តើរ ក៏​បេះ​លក់​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ខែ​នេះ​មិន​ទាន់​អស់​នៅឡើយ​ទេ ។

គាត់​បាន​បញ្ជាក់​ទៀត​ថា ត្របែក​របស់​ខ្លួន​ផ្លែ​ធំ​ៗ​ល្អ ដោយ​ផ្លែ​ចំនួន​៣​ទៅ​៤​ផ្លែ អាច​ថ្លឹង​បាន​១​គីឡូក្រាម ហើយ​មាន​រសជាតិ​ជូរអែម ដែល​អ្នកទិញ​យក​ទៅ​ទទួលទាន​តែងតែ​ពោល​សរសើរ​ថា ជា​ត្របែក​ដែល​មាន​រសជាតិ​ឆ្ងាញ់​គួរ​ឱ្យ​ចង់​ញ៉ាំ​ម្តង​ហើយ ម្តងទៀត ហើយ​គាត់​លក់​ក្នុង​១​គីឡូក្រាម​តម្លៃ​ត្រឹមតែ​៣០០០​ទៅ​៤០០០​រៀល​ប៉ុណ្ណោះ តែបើ​អតិថិជន​ទិញ​ច្រើន​គាត់​ក៏​បញ្ចុះតម្លៃ​ថែម​ទៀត​ផង​ដែរ​។

ម្ចាស់​ចំការ​ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ចំការ​ដដែល​នេះ គាត់​មិន​ត្រឹមតែ​ដាំ​ដំណាំ​ត្របែក​គីឡូ​ប៉ុណ្ណោះ​ទេ គឺ​គាត់​ដាំ​ដំណាំ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដូច​ជា​ដំណាំ​ស្វាយខ្ទិះ ដំណាំ​ស្ពឺ​ផ្អែម ដំណាំ​មង្ឃុត ដំណាំ​ចេកពងមាន់ និង​បន្លែ​មួយ​ចំនួន​ផង​ដែរ​។ ការ​ដាំ​ច្រើន​ប្រភេទ​បែប​នេះ អាច​ធ្វើ​ឱ្យ​គាត់​ប្រមូល​ផល​លក់ដូរ​ជា​បន្តបន្ទាប់ អាច​លក់​ឱ្យ​អតិថិជន​ទិញ​យក​ទៅ​លក់ដូរ​បន្ត ។

គ្រួសារ​របស់​គាត់ ក៏​មានការ​ចិញ្ចឹមសត្វ​មាន់ ទា ជា​លក្ខណៈ​គ្រួសារ សម្រាប់​ធ្វើ​ម្ហូបអាហារ និង​លក់​មួយ​ចំនួន​សម្រាប់​យក​ថវិកា​ទិញ​ម្ហូបអាហារ និង​ចាយវាយ​ប្រចាំ​ថ្ងៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ