ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីក្រសួងការងារ៖ អំពាវនាវ​ឱ្យ​​កម្មករនិយោជិត ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវហ៊ាន​រាយការណ៍​រាល់​សកម្មភាព​មិន​អនុលោម​ភាព​

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ «​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ «​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​» ក្រោម​ប្រធានបទ “​រួម​គ្នា​បន្ត​ការពារ​កម្មករនិយោជិត​ពី​ភាព​តានតឹង​ដោយ​កម្ដៅ និង​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​នៅ​កន្លែងធ្វើការ​” នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់ គ្រុប ភ្នំពេញ ក្នុង​អង្គពិធី​ដែល​មាន​អ្នកចូលរួម​ប្រមាណ ១ ៣០០​នាក់ ​។

ថ្លែង​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ប្រធានបទ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រា​ព្ធ​ពិធី​នេះ គឺ​ដើម្បី​ជំរុញ​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​យកចិត្តទុកដាក់​បន្ថែម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​បំណង​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ នៃ​ភាព​តានតឹង​ដោយ​កម្តៅ និង​ភាព​តានតឹង​ផ្លូវចិត្ត​ហើយ​រួម​គ្នា​រៀបចំ​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ​។ ឯកឧត្តម​បន្ត​ថា ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិស្ថាន ​និង​សុខភាព​មនុស្ស​ទូ​ទាំង​ពិភពលោក ហើយ​មិនមែន​ជា​រឿង​ដាច់​ដោយឡែក​សម្រាប់​កម្ពុជា​នោះ​ទេ ដែល​នាំ​ឱ្យ​អង្គការ ILO បង្កើត​អនុសញ្ញា ១៥៥ និង ១៨៧ ដែល​ផ្តោត​លើ​សុវត្ថិភាព​និង​សុខភាព​ការងារ​ ។

ឯកឧត្តម ហេង សួរ បាន​ពន្យល់​យ៉ាង​លម្អិត​អំពី​មូលហេតុ​បង្ក​ នៃ​បញ្ហា​ទាំង​ពីរ​នេះ ដោយ​បញ្ជាក់​ថា ក្រសួង​បាន​ និង​កំពុង​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ ​។ ក្នុង​នោះ ក្រសួង​បាន​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) នៅ​តាម​បណ្តា​សហគ្រាស គ្រឹះស្ថាន តាម​រយៈ​ការ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល ការ​ចុះ​ត្រួតពិនិត្យ និង​ការ​តាមដាន​យ៉ាង​សកម្ម​ ។ ជា​ពិសេស ក្នុង​ស្មារតី​បុ​រេ​សកម្ម ក្រសួង​កំពុង​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​រួម​បញ្ចូល​ទាំង​វិធានការ​ការពារ​ភាព​តានតឹង​ដោយ​កម្ដៅ និង​ការ​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​តែងតែ​ផ្ដល់​អាទិភាព​ខ្ពស់​បំផុត​លើ​សុខុមាលភាព​របស់​បងប្អូន​កម្មករនិយោជិត ​។

ទន្ទឹម​នឹង​ការ​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់ និង​ការ​ចុះ​វាយតម្លៃ​ហានិភ័យ​នៅ​កន្លែងធ្វើការ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ការ​វិនិយោគ​លើ​ប្រព័ន្ធ​គ្រប់គ្រង​កម្ដៅ និង​គិតគូរ​ពី​សុខភាព​ផ្លូវចិត្ត​ដល់​បងប្អូន​កម្មករនិយោជិត មិនមែន​ជា​បន្ទុក​ចំណាយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​វិនិយោគ​យុទ្ធសាស្ត្រ​ដើម្បី​បង្កើន​ផលិតភាព និង​ធានា​និរន្តរភាព​អាជីវកម្ម​ ។ ក្នុង​ន័យ​នេះ ក្រសួង​នឹង​ដាក់​ឱ្យ​សាកល្បង​នូវ​ប្រព័ន្ធ​បច្ចេកទេស​ស្វ័យប្រវត្តិ ដើម្បី​តាមដាន​កម្រិត​កម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និង​សំណើម​នៅ​តាម​រោងចក្រ ​។ ជាមួយ​គ្នា​នេះ យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ភាព​តានតឹង​ដោយ​កម្តៅ និង​សុខភាព​ផ្លូវចិត្ត ក៏​កំពុង​ត្រូវ​បាន​ជំរុញ​យ៉ាង​សកម្ម ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​ពិតប្រាកដ ​។

បន្ថែម​លើ​វិធានការ​បច្ចេកទេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អធិការ​ពេទ្យ​ការងារ បន្ត​ពង្រឹង​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ ក្នុង​ការ​ជំរុញ​ឱ្យ​តាម​បណ្តា​សហគ្រាស រោងចក្រ រៀបចំ​ប្រព័ន្ធ​តាមដាន​កម្ដៅ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​រហ័ស ក៏​ដូច​ជា​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) ឱ្យ​មាន​ប្រសិទ្ធភាព​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​បន្ត​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ប្រើប្រាស់​យន្តការ​ត្រីភាគី ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​ការពារ​កម្មករនិយោជិត​ឱ្យ​កាន់តែ​ទូលំទូលាយ​ ។

ទន្ទឹម​នឹង​ការ​ខិតខំ​របស់​ក្រសួង សហជីព និង​ម្ចាស់​សហគ្រាស ឯកឧត្តម ហេង សួរ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត ត្រូវ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ «​ហ៊ាន​» រាយការណ៍​រាល់​សកម្មភាព​មិន​អនុលោម​ភាព​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ hotline ១២៨៦ ឬ​ស្កែ​ន QR Code បណ្ដឹង​អនាមិក​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​រំលឹក​ឱ្យ​គ្រប់​រោងចក្រ​ត្រូវ​ប្រាកដ​ថា មានការ​បង្កើត​គណៈកម្មាធិការ​សុខភាព និង​សុវត្ថិភាព​ការងារ ដើម្បី​ជា​សេនាធិការ​ក្នុង​កិច្ចការ​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ​។ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចសហការ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខភាព​ផ្លូវចិត្ត និង​ការ​បង្ការ​ភាព​តានតឹង​ដោយ​កម្ដៅ​នេះ នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​លើកកម្ពស់​គុណភាព​ជីវិត​កម្មករនិយោជិត និង​សេដ្ឋកិច្ចជាតិ​ទាំងមូល ​។

លោក ទុន សុ​ភ័​ណ្ឌ មន្ត្រី​សម្របសម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការ ILO, លោក He Enjia ប្រធាន​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) និង​លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​បង្ការ​ភាព​តានតឹង​ដោយ​កម្ដៅ​និង​សុខភាព​ផ្លូវចិត្ត ប្តេជ្ញា​បន្ត​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល និង​ជំរុញ​ឱ្យ​មាន​កិច្ច​ខិតខំ​រួម​គ្នា​បន្ថែម​ទៀត​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ដំណោះស្រាយ​បញ្ហា​នេះ​សម្រាប់​កម្មករនិយោជិត ​៕ អត្ថបទសហការ