អាមេរិក-ប៉ូឡូញ ៖ កាសែត Euronews អះអាងថា សហរដ្ឋអាមេរិកបានលុបចោលហើយគម្រោងដាក់ពង្រាយកងទ័ពនៅប៉ូឡូញចំនួន៤០០០នាក់ ក្នុងក្របខណ្ឌនៃផែនការទូលំទូលាយមួយរបស់មន្ទីរប៉ង់តាហ្គោន ដែលសំដៅដកទាហានអាមេរិក៥០០០នាក់ ចេញពីដែនដីអូតង់នៅអាល្លឺម៉ង់។

កាលពីដើមខែនេះ រដ្ឋការអាមេរិកប្រកាសពីការដកកងទាហាននោះ ពេលកំពុងមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៊ែរឡាំង ក្រោយពីអធិការបតីអាល្លឺម៉ង់លោកហ្វ្រីអ៉ី
ឌ្រិកម័រចាត់ទុកសង្គ្រាមដែលអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នាធ្វើប្រឆាំងអ៉ីរ៉ង់ ថាមិនមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយអាមេរិកនឹងត្រូវអាម៉ាស់ដោយសារអ៉ីរ៉ង់មក។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំមានប្រតិកម្មភ្លាមៗ ដោយកំហឹងចំពោះការលើកឡើងនោះរបស់អធិការបតីអាល្លឺម៉ង់ ដោយចេញសារមួយចំនួនតបតវិញ ប្រាប់ទៅអធិការបតីអាល្លឺម់ង់ថា ទុកពេលច្រើនសម្រាប់ជួសជុលប្រទេសខ្លួនដែលកំពុងបែកបាក់គ្នាហើយគួរចំណាយពេលឲ្យតិច ក្នុងការលូកដៃចូលក្នុងកិច្ចចរចារបស់យើងជាមួយអ៉ីរ៉ង់។
មន្ទីរប៉ង់តាហ្គោន បន្ទាប់មកប្រកាសថា ក្រុងវ៉ាស៊ីនតោននឹងដកកងទាហានអាមេរិកយ៉ាងតិច៥០០០នាក់ចេញពីបណ្ដាមូលដ្ឋានយោធាខ្លួននៅអាល្លឺម៉ង់ អំឡុងពេល៦ខែខាងមុខនេះ។ ការសម្រេចចិត្តថ្មីនេះរបស់អាមេរិកនាំឲ្យប៉ូឡូញមានការខកចិត្តខ្លាំង ព្រោះតែចាប់តាំងពីច្រើនថ្ងៃមកហើយមានពាក្យចចាមអារ៉ាមថា កងទាហានអាមេរិកដែលដកចេញពីអាល្លឺម៉ង់អាចបញ្ជូនទៅកាន់ប៉ូឡូញ ជាប្រទេសមួយសំខាន់ សម្រាប់ការពារចង្កេះខាងកើតរបស់អូតង់ទប់ទល់នឹងរុស្ស៊ី ៕
ចែករំលែកព័តមាននេះ