ខេត្តកំពង់ឆ្នាំង ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣ និង ៣០ នាទីរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦ ដោយសារគូស្នេហ៍មួយគូបានលង់ទឹកស្លាប់ទាំង២នាក់ នៅពេលដែលពួកគាត់មកស្ទូចត្រី និងលេងទឹកកំសាន្ត នៅទំនប់បឹងធំ ស្ថិតក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
តាមប្រភពពីបុរសម្នាក់ដែលអះអាងថាត្រូវជាឪពុកមារបស់នារីរងគ្រោះបានឲ្យដឹងថា ក្មួយស្រីរបស់គាត់ដែលរងគ្រោះដោយសារលង់ទឹកឈ្មោះ អ៊ុយ លីហៀង អាយុ ២៥ ឆ្នាំ រស់នៅភូមិទី ១ សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកយុវជនដែលត្រូវជាអនាគតក្មួយប្រសារ ស្គាល់ត្រឹមតែឈ្មោះ ហួរ មិនស្គាល់នាមត្រកូលទេ ជាអ្នករស់នៅភ្នំពេញ ។
ប្រភពដដែលបានបន្តថា រវាងក្មួយស្រីគាត់ និងយុវជនដែលរងគ្រោះនា ធ្វើការនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក៏បានស្រឡាញ់គ្នា និងបាននាំមកឱ្យចាស់ទុំស្គាល់ត្រៀមនិងចូលភ្ជាប់ពាក្យនៅថ្ងៃខាងមុខ។
នៅថ្ងៃកើតហេតុ ក្មួយស្រីគាត់ និងអនាគតក្មួយប្រសារ ព្រមទាំងក្មួយប្រុសម្នាក់ទៀត ឈ្មោះ អ៊ុយ លីឆ័ន្ត អាយុ ១៥ ឆ្នាំ បាននាំគ្នាមកស្ទូចត្រីកម្សាន្តនៅបឹងធំ ។
តាមប្រភពពីឈ្មោះ អ៊ុយ លីឆន្ត័ ដែលនៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្រោយពេលស្ទូចត្រីបានមួយស្របក់ បងស្រីខ្លួនឈ្មោះអ៊ុយ លីហៀង បានចុះងូតទឹកលេង ប៉ុន្តែពេលចុះបានបន្តិច ក៍រអិលជើងធ្លាក់ចូលអន្លង់ជ្រៅ ។ ពេលឃើញដូច្នោះ ជនរងគ្រោះឈ្មោះ ហួរ ក៍ ស្ទុះហក់ទៅជួយ ហើយក៏ឃើញលង់ទាំង២នាក់តែម្ដង ។ ពេលនោះរូបគេ (អ៊ុយ លីឆ័ន្ត )មិនហ៊ានចុះទៅទេ ហើយក៏រត់ហៅគេជួយ ប៉ុន្តែហួសពេលទៅហើយ ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលដែលទៅពិនិត្យធ្វើកុសលវិច្ច័យនៅកន្លែងកើតហេតុបានឱ្យដឹងថា សកម្មភាពចុះរាវទៅរកសពជនរងគ្រោះ គឺប្រើរយៈពេលជាង២ម៉ោងទើបប្រទះឃើញ សពជនរងគ្រោះទាំង២នាក់នៅជិតគ្នា ។
គួរបញ្ជាក់ថា នៅចំណុចកើតហេតុជារណ្ដៅដីដែលគេជីក យកដីលក់មានជម្រៅជ្រៅ ។
ក្រោយការពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕








ចែករំលែកព័តមាននេះ