ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាម​៖ រុ​ស្ស៊ី​ប្រើ​ដ្រូ​ន​ជាង៨០០គ្រឿង វា.យ​សន្ធាប់​លើ​តំបន់​ចំនួន២០របស់​អ៊ុយ​ក្រែ​ន​ក្នុង​ថ្ងៃ​តែ​​មួយ

2 នាទី មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី​ ថ្លែង​ថា រុ​ស្ស៊ី​​បាន​ប្រើ​ដ្រូ​ន​យ៉ាងតិច​៨០០​គ្រឿង វាយ​សន្ធាប់​លើ​តំបន់​២០​របស់​អ៊ុយ​ក្រែ​ន ​កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី​ ថ្លែង​ថា រុ​ស្ស៊ី​​បាន​ប្រើ​ដ្រូ​ន​យ៉ាងតិច​៨០០​គ្រឿង វាយ​សន្ធាប់​លើ​តំបន់​២០​របស់​អ៊ុយ​ក្រែ​ន ​កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦​នាក់​ និង​របួស​ច្រើន​សិប​នាក់​ ។ នោះ​ជា​ការ​វាយប្រហារ​ទ្រង់់ទ្រាយ​ធំ​ក្នុង​ចម្ងាយ​ឆ្ងាយ​របស់​រុ​ស្ស៊ី​ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក ​។

ការ​វាយប្រហារ​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ព្រឹក​ទៅ​ និង​មាន​រយៈពេល​ច្រើន​ម៉ោង​លើ​ក្រុង​គៀវ ក្រុង​ល្វី​វ​ជិត​ប៉ូ​ឡូញ ក្រុង​កំពង់​ផែ​អូ​ដេ​សា ​និង​លើ​ទីក្រុង​ដទៃ​ៗ​ទៀត​។ លោក​ហ្សេ​ឡេ​ន​ស្គី​អះអាង​ថា កង​ទាហាន​របស់​យើង​ការពារ​អ៊ុយ​ក្រែ​ន​ តែ​ទិស​ដៅ​ពិតប្រាកដ​របស់​រុ​ស្ស៊ី គឺ​ចង់​ពង្វក់​កងការពារ​អាកាស​របស់​យើង​។ ការ​វាយប្រហារ​អូស​បន្លាយពេល​ដល់​ចុង​រសៀល​។ លោក​បាន​ព្រមាន​ថា ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បណ្ដែត​ និង​មី​ស៊ីល​​បាលី​ស្ទិ​ក​អាច​បន្ត បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ដ្រូ​ន​។ នោះ​ជា​ការ​វាយប្រហារ​រយៈពេល​យូរ​ និង​ខ្លាំងក្លា​បំផុត​មួយ​របស់​រុ​ស្ស៊ី​​ប្រឆាំង​អ៊ុយ​ក្រែ​ន​។

ការ​វាយប្រហារ​ទាំងនេះ​ ក៏​បណ្ដាល​ឲ្យ​បណ្ដា​ប្រទេស​ជិតខាង​មានការ​ព្រួយបារម្ភ​ដែរ​។ នាយក​រដ្ឋមន្ត្រី​ថ្មី​ហុង​គ្រី​លោក​ប៉េ​ទ័​រ​ម៉ាក់​យ៉ា​គូសបញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​លោក​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​រុ​ស្ស៊ី​ មក​សាកសួរ​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នៅ​ជិត​ព្រំដែន​ហុង​គ្រី ដែល​កំណត់​ពី​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​មួយ​បើ​ប្រៀបធៀប​ទៅ​នឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ក្រុង​មូ​ស្គូ​ដែល​ថែរក្សា​ដោយ​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​មុន​លោក​វិក​ទ័​រ​អូ​បង់​។ លោក​ប៉េ​ទ័​រ​ម៉ាក់​យ៉ា​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា រដ្ឋាភិបាល​ហុង​គ្រី​ថ្កោលទោស​ម៉ឺ​ង​ម៉ាត់ ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​​លើ​ក្រុង​ត្រង់​ស្កា​ប៉ា​ទី​។

អាជ្ញាធរ​ក្រុង​គៀវ​គូសបញ្ជាក់​ថា ​បំណែក​ដ្រូ​ន​បាន​ធ្លាក់​នៅ​តំបន់​អូ​បូ​ឡុ​ន​ស្គី​យី​នៃ​ក្រុង​គៀវ​ តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ទេ​។ អភិបាលក្រុង​គៀវ​លោក​វី​តា​លី​គ្លី​ត​ស្កូ​គូសបញ្ជាក់​ថា ផ្នែក​សង្គ្រោះ​បន្ទាន់​បាន​ធ្វើ​អន្តរាគមន៍​នៅ​តាម​កន្លែង​នានា​។ ស្នូរ​ផ្ទុះ​លាន់ឮ​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣​ ឧសភា​។ មនុស្ស​៣​នាក់ ​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​លើ​តំបន់​RIVNE ភាគ​ខាងលិច​ក្រុង​គៀវ​ ។

ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ធ្វើ​ឡើង​មិន​ឈប់​ឈរ ក៏​ទោះបី​អ៊ុយ​ក្រែ​ន​អះអាង​ពី​ជោគជ័យ​ខាង​យោធា​របស់​ខ្លួន​ក្ដី និង​ក្នុង​ពេល​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ និង​សម​ភាគី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​អះអាង​ដោយ​គ្មាន​ភស្ដុ​តាង​ថា ​សង្គ្រាម​អាច​ឈាន​ទៅ​ជិត​ចប់
​ក្ដី​។

កាលពី​ថ្ងៃ​ទី​១២​ ឧសភា​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​អះអាង​ថា តំបន់​១៤​របស់​អ៊ុយ​ក្រែ​ន​រង​ការ​វាយ​ប្រហារ មុន​ការ​វាយប្រហារ​នា​ពេល​យប់ សំដៅ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​​វិល​ និង​ថាមពល​ព្រមទាំង​ផ្លូវដែក​អ៊ុយ​ក្រែ​ន​។ ពេល​លោក​ចេញពី​សេត​វិមាន​មក​កាន់​ក្រុង​ប៉េ​កាំ​ង លោក​ត្រាំ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ខ្ញុំ​ពិតជា​យល់​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជិត​ចប់​ហើយ​។ ជឿ​ឬ​មិន​ជឿ​តែ​សង្គ្រាម​​ជិត​ចប់​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ