លោក ត្រាំ ថា ចិនព្រមទិញប្រេង ផលិតផលកសិកម្ម ពិសេសយន្តហោះ Boeing ២០០គ្រឿងពីអាមេរិក
ទីក្រុងប៉េកាំង ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងថា ប្រទេសចិនបានយល់ព្រមទិញប្រេង…
ទីក្រុងប៉េកាំង ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងថា ប្រទេសចិនបានយល់ព្រមទិញប្រេង…
ទីក្រុងប៉េកាំង ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងថា ប្រទេសចិនបានយល់ព្រមទិញប្រេង ផលិតផលកសិកម្ម ជាពិសេសយន្តហោះ Boeing ២០០គ្រឿងពីសហរដ្ឋអាមេរិក។ ការអះអាងនេះកើតឡើង ក្រោយលោកបានជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងប៉េកាំង។ នេះបើតាមប្រភពពី Fox News និង BBC បានចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
លោក ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា «ប្រទេសចិនបានយល់ព្រមទិញប្រេងពីសហរដ្ឋអាមេរិក។ បណ្តាកប៉ាល់ចិននឹងចាប់ផ្តើមទៅកាន់រដ្ឋតិចសាស់ (Texas) រដ្ឋល្វីស៊ីអាណា (Louisiana) និងរដ្ឋអាឡាសកា (Alaska)។ វាគឺជារឿងមួយដែលពួកគេពិតជាត្រូវការខ្លាំងណាស់ គឺថាមពល ខណៈយើងមានថាមពលគ្មានដែនកំណត់»។
ទន្ទឹមជាមួយគ្នានោះ លោក ត្រាំ ក៏បានអះអាងទៀតថា លោក ស៊ី ក៏បានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង។ លោកថា ក្រុមហ៊ុន Boeing ដើមឡើយចង់បានការលក់ត្រឹម ១៥០ គ្រឿងប៉ុណ្ណោះ ប៉ុន្តែពេលនេះពួកគេទទួលបានការបញ្ជាទិញរហូតដល់ ២០០ គ្រឿងឯណោះ»។ លោកបានពិពណ៌នាការបញ្ជាទិញនេះថា ការប្តេជ្ញាចិត្តដ៏ធំមួយ និងបង្កើតឱកាសការងារយ៉ាងច្រើនសម្រាប់ពលរដ្ឋអាមេរិក។
លោកបន្តថា កិច្ចចរចាពាណិជ្ជកម្មដំណើរការល្អជាងលើកមុន កិច្ចព្រមព្រៀងលើកនេះ គឺមានទំហំធំជាងកិច្ចព្រមព្រៀងចំនួន ៣៦ ដែលបានចុះហត្ថលេខាពីលើកមុន ហើយប្រទេសចិននឹងទិញផលិតផលកសិកម្មរបស់អាមេរិកក្នុងចំនួនច្រើន ដូចជាសណ្តែកសៀងជាដើម។
លើសពីនេះទៀត លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនលើកនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ដ្បិតថ្នាក់ដឹកនាំធុរកិច្ចកំពូលអាមេរិកដែលរួមមានលោក Tim Cook មកពីក្រុមហ៊ុន Apple លោក Jensen Huang មកពីក្រុមហ៊ុន Nvidia និងលោក Elon Musk មកពីក្រុមហ៊ុន Tesla និង SpaceX និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ដែលកំពុងស្ថិតនៅទីក្រុងប៉េកាំង បាននាំយកកិច្ចព្រមព្រៀង និងការងារជាច្រើនត្រឡប់ទៅវិញ។
លោក ត្រាំ បានហៅអ្នកទាំងនោះថា ថ្នាក់ដឹកនាំធុរកិច្ចដ៏ធំបំផុតលើពិភពលោក។ ដោយបន្ថែមថា «ខ្ញុំមិនបានអញ្ជើញពួកគេទេ។ ពួកគេទាំងអស់គ្នាចង់មក ហើយទាំងអស់គ្នាក៏បានមកដល់ទីនេះ ដើម្បីបង្កើតកិច្ចព្រមព្រៀង និងនាំយកការងារត្រឡប់ទៅវិញ ហើយប្រទេសចិននឹងវិនិយោគរាប់រយពាន់លានដុល្លារអាមេរិកជាមួយអ្នកទាំងនោះ ដែលស្ថិតនៅក្នុងបន្ទប់ប្រជុំនៅថ្ងៃនេះ»។
ក្រៅពីកិច្ចការពាណិជ្ជកម្ម លោក ត្រាំ ក៏បានរំលេចអំពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយបាន អះអាងថា ចិនមិនចង់ឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ ហើយលោកក៏បានប្រាប់ទៅលោក ស៊ី ថា អាមេរិកពិតជាកំពុងជួយចិន តាមរយៈការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ និងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោកបានបន្ថែមថា លោក ស៊ី បានសន្យាថានឹងមិនផ្តល់អាវុធដល់អ៊ីរ៉ង់ទេ។ ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះ លោក ស៊ី បាននិយាយថា ចិនបានទិញប្រេងពីអ៊ីរ៉ង់ជាច្រើន ហើយចង់បន្តធ្វើបែបនោះ ដោយលោកចង់ឃើញច្រកសមុទ្រហ័រមូសបើកឡើងវិញ។
ត្រង់ចំណុចនេះ លោក ត្រាំ បាននិយាយថា «អ្នកដែលធ្លាប់ទិញប្រេងច្រើនដល់ថ្នាក់នោះ ច្បាស់ណាស់ថានឹងមានទំនាក់ទំនងជាមួយពួកគេ ប៉ុន្តែខ្ញុំរីករាយនឹងជួយ ប្រសិនបើខ្ញុំអាចជួយអ្វីបានទាំងអស់»៕




ចែករំលែកព័តមាននេះ