ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងក្តៅគគុក ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឈើដែលជនមិនស្គាល់មុខយកទៅលាក់ទុក២៦កំណាត់ប្រភេទឈើ ឈ្លិច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ឆ្លៀតក្នុងឱកាសនោះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃដោយខុសច្បាប់។ លោកបានបញ្ជាក់ថា ព្រៃឈើគឺជាដង្ហើម និងជាប្រភពជីវិតដ៏សំខាន់មិនអាចខ្វះបានសម្រាប់មនុស្សជាតិ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។
លើសពីនេះ លោកប្រធានមន្ទីរបានលើកឡើងពីអត្ថប្រយោជន៍ដ៏មហាសាលនៃ «ឥណទានកាបូន» ដែលជាប្រភពចំណូលថ្មីសម្រាប់សហគមន៍។ លោកបានពន្យល់ថា នៅពេលដែលយើងរួមគ្នាការពារព្រៃឈើឈរឱ្យនៅគង់វង្ស យើងអាចលក់ឥណទានកាបូនទៅកាន់ទីផ្សារអន្តរជាតិ ដែលថវិកាទាំងនោះនឹងត្រូវយកមកប្រើប្រាស់ដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ (ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ)។អាចបង្កើតមុខរបរថ្មីៗ និងបង្កើនប្រាក់ចំណូលដល់គ្រួសារប្រជាពលរដ្ឋតាមរយៈការអភិរក្ស និងទេសចរណ៍។ធានាបាននូវតុល្យភាពអាកាសធាតុ ជៀសវាងគ្រោះរាំងស្ងួត និងទឹកជំនន់។
ពាក់ព័ន្ធនឹងតម្រូវការដីធ្លីសម្រាប់បង្កបង្កើនផល លោក ហាស់ វិបុល មានប្រសាសន៍ថា សូមបងប្អូនកុំកាប់រានដីព្រៃដោយចិត្តឯងឱ្យសោះ។ ប្រសិនបើបងប្អូនមានតម្រូវការដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដើម្បីឱ្យយើងខ្ញុំមានវិធានការពិនិត្យ និងដោះស្រាយជូនតាមនីតិវិធី និងបទដ្ឋានបច្ចេកទេស ដើម្បីចៀសវាងការប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារធនធានធម្មជាតិ និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ខេត្តប៉ូលសេដ្ឋកិច្ចទី៤ មួយនេះ៕






ចែករំលែកព័តមាននេះ