ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ដាយ​វី​រៈ​យុទ្ធ​ជន​ពលី ​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ពេល​អភិបាលខេត្ត​នាំ​យក​អំណោយ​និង​ថវិកា​ជូន​​គាត់​ និង​ប្ដី ​កំពុង​ជួប​ការ​លំបាក

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ពិតជា​គួរ​ឱ្យ​សរសើរ​ដល់​វី​រៈ​យុទ្ធ​ជន ស៊ី​ម ម៉េ​ង​លី អាយុ​៤០​ឆ្នាំ ជា​កម្លាំង​ជួរ​មុខ​ចំណុះ​ឱ្យ​កងពល​លេខ ៦​ប្រចាំ​ខេត្តឧត្តរមានជ័យ ក្នុង​ពេល​បាញ់​ទប់ទល់​ការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​ថៃ​គ្រាប់កាំភ្លើង​បាន​ហោះ​មក​ធ្លាក់​ដូច​ទឹកភ្លៀង ប៉ុន្តែ​ទឹកដោះ​ម្ដាយ​ថ្លៃ​ពុំ​បាន​ត្រូវ​រង​របួស​មួយ​គ្រាប់​ណា​នោះ​ទេ​។​តែ​គួរ​ឱ្យ​អាណិតអាសូរ​បែរជា​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ទៅ​វិញ ជាមួយ​នោះ​ត្រូវ​បាន​អង្គភាព​ដឹក​តាម​រថយន្ត​យក​មក​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ក្នុងភូមិ​ទឹក​ចេញ…

ខេត្តកំពង់ចាម​: ពិតជា​គួរ​ឱ្យ​សរសើរ​ដល់​វី​រៈ​យុទ្ធ​ជន ស៊ី​ម ម៉េ​ង​លី អាយុ​៤០​ឆ្នាំ ជា​កម្លាំង​ជួរ​មុខ​ចំណុះ​ឱ្យ​កងពល​លេខ ៦​ប្រចាំ​ខេត្តឧត្តរមានជ័យ ក្នុង​ពេល​បាញ់​ទប់ទល់​ការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​ថៃ​គ្រាប់កាំភ្លើង​បាន​ហោះ​មក​ធ្លាក់​ដូច​ទឹកភ្លៀង ប៉ុន្តែ​ទឹកដោះ​ម្ដាយ​ថ្លៃ​ពុំ​បាន​ត្រូវ​រង​របួស​មួយ​គ្រាប់​ណា​នោះ​ទេ​។​តែ​គួរ​ឱ្យ​អាណិតអាសូរ​បែរជា​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ទៅ​វិញ ជាមួយ​នោះ​ត្រូវ​បាន​អង្គភាព​ដឹក​តាម​រថយន្ត​យក​មក​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។

លោកយាយ​វ៉​ន អ៊ឹម អាយុ​៧៨​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោម​ការ​គិតគូរ​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត​ព្រមទាំង​សហការី​បាន​នាំ​យក​ថវិការ​សម្ដេច​តេ​ជោ​និង​ថវិកា​របស់​រដ្ឋបាល​ខេត្ត​មក​ប្រគល់​ជូន​គាត់​ដល់​ផ្ទះ​ដោយ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ ចំពោះ​ថវិកា​ដែល​ទទួល​បាន​នេះ​គឺ​យក​ទូទាត់​សង​ថ្លៃ​ជំពាក់​បុណ្យសព​កូនប្រុស​របស់​គាត់​ហើយ​ថវិកា​ដែល​នៅ​សល់​មួយ​ផ្នែក​ទៀត​ទុក​សម្រាប់​ចាយវាយ​ក្នុង​គ្រួសារ​ព្រោះ​គាត់​នឹង​ប្ដី​ឈ្មោះ​សែ​ម ស៊ី​ម អាយុ​៨០ ឆ្នាំ​ចាស់​ណាស់​ទៅ​ហើយ​រក​អ្វី​មិនកើត​ទេ​។

លោកយាយ​បាន​រំលឹក​ឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ដែល​ស្លាប់​នេះ​គឺជា​កូន​ទី​៦​ក្នុង​ចំណោម​បងប្អូន​៧​នាក់​ហើយ​បាន​ចូល​បម្រើ​ជា​ទាហាន​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​១៥​ឆ្នាំ​។ កូនប្រុស​រូប​នេះ​ធ្លាប់​មាន​ប្រពន្ធ តែ​ដោយសារ​ប្រពន្ធ​ស្រឡាញ់​មិន​ស្មោះត្រង់ ក៏​បាន​ចាកចោល​កូនប្រុស​គាត់ ក្រោយមក​បាន​សុខចិត្ត​រស់នៅ​ពោះម៉ាយ​មិន​យកប្រពន្ធ​ទៀត​នោះ​ទេ​។

ជាក់ស្ដែង​នា​ពេល​កន្លង​ទៅ​កម្លាំង​ទ័ព​ថៃ​បាន​ធ្វើការ​ឈ្លានពាន​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​គ្រានោះ​កូនប្រុស​គាត់​នៅ​ប្រចាំ​សមរភូមិ​ជួរ​មុខ​ប្រាសាទ​តា​ក្របី​បន្ទាប់​មក​នៅ​ប្រាសាទ​តា​មាន់​ក្នុង​ខេត្តឧត្តរមានជ័យ មុន​ពេល​ចម្បាំង​ម្ដង​ៗ​កូនប្រុស​តែងតែ​ទូរ​សព្ទ​មក​ជួប​ម្ដាយ​ឱ្យ​អុជ​ធូប​បន់ស្រន់ គ្រប់ពេលវេលា​កូនប្រុស​ឈ្មោះ​ម៉េ​ង​លី តែងតែ​នឹក​ដល់​ម្ដាយ​គ្រប់ពេល​។​

លោកយាយ​លើក​ឡើង​ថា​នៅ​ពេល​ដែល​គ្រាប់​ប្លោងរ​បស់ទ័ព​ថៃ​បាញ់​ធ្លាក់​មក​ចំ​ដើមឈើ​និង​មាន​អំបែង​ជះ​ប្រសាច​រួម​ទាំង​គល់ឈើ​ប៉ើង តែ​កូន​រូប​នេះ​គឺ​បាន​សុខ​សប្បាយ​រហូត​មិន​មាន​បញ្ហា​ណាមួយ​នោះ​ទេ​។ ក្នុង​ពេល​ដែល​មានការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​ថៃ​ទាំង​ពីរ​លើក គឺ​កូនប្រុស​របស់​គាត់​បាន​ជៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

តែ​ក្រោយ​ពី​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ស្ងប់ស្ងាត់​ក្រោយមក​កូនប្រុស​រូប​នេះ​មិន​ស្រួលខ្លួន បានឱ្យ​ទាហាន​បម្រើ​ការ​ក្នុង​អង្គភាព​ជាមួយ​គ្នា​កោសខ្យល់​ឱ្យ​រាង​ស្រួលខ្លួន​បន្តិច​និង​ទទួលទាន​បបរមាន​កម្លាំង​ស្រួលខ្លួន ក្រោយមក​ទៀត​ជំងឺ​ធ្វើទុក្ខ​ពេល​នោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ពុំ​ទាន់​នឹង​ដល់​ផង​ក៏​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​នៅ​ថ្ងៃ​ទី​១​មេ​សា ឆ្នាំ​២០២៦ ហើយ​ត្រូវ​បាន​រថយន្ត​អង្គភាព​ដឹក​យក​មក​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មាន​ប្រសាសន៍​លើក​ឡើង​ថា ដោយ​ពិនិត្យ​មើលឃើញ​ស្ថានភាព​ជីវភាព​របស់​លោកតា​លោកយាយ​មានការ​លំបាក​ក៏​បាន​ឲ្យ​លោក​មេឃុំ​ព្រែក​ក្របៅ ជួយ​សម្រួល​ធ្វើ​បាន​ក្រីក្រ​ជូន​ដើម្បី​ងាយស្រួល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​មិនបាច់​ចំណាយ​ថវិកា​។

ជាមួយ​នោះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ចំពោះ​លោកតា​លោកយាយ ត្រូវជា​ឪពុក​ម្ដាយ​របស់​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ