ខេត្តកំពង់ចាម ៖ ផ្កាឈូករ័ត្នដែលបានដាំក្នុងចំណោមផ្កាចំរុះពណ៌ផ្សេងទៀតកំពុងតែរីកស្រស់បំព្រងនៅសួនផ្កាចំណុចក្រោមស្ពានគីហ្ស៊ុណា ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម គឺបានទាក់ទាញភ្ញៀវជិតឆ្ងាយមកលេងរាល់ថ្ងៃពិសេសមនុស្សដែលមកច្រើនជាងគេគឺនៅថ្ងៃចុងសប្តាហ៍តែម្ដង។
ប្រជាពលរដ្ឋម្នាក់ឈ្មោះងី ស្រីនិត ភេទស្រីអាយុ២៤ឆ្នាំ រស់នៅឃុំកំពង់រាបស្រុកកោះសូទិន បានរៀបរាប់ប្រាប់ហើយដឹងថា: ពេលដែលកំពុងបើកមើលទូរសព្ទត្រូវបានគេបង្ហោះលើបណ្ដាញសង្គមឃើញផ្កាចម្រុះពណ៌ដាំនៅក្រោមស្ពានមាត់ទន្លេក្រុងកំពង់ចាមគឺពិតជាស្រស់ស្អាត។ឆ្លៀតឱកាសទំនេរដៃពីរការងារក៏បានជិះម៉ូតូមកមើលឃើញផ្កាឈូករ័ត្នរាប់ពាន់គុម្ពរីកស្រស់បំព្រង ដែលមើលទៅឃើញពិតជាគួរឱ្យចាប់អារម្មណ៍ហើយធ្វើឱ្យការនឿយហត់ទាំងប៉ុន្មាននៅក្នុងខ្លួនត្រូវបានរសាយ។
ប្រជាពលរដ្ឋរូបនេះបានប្រាប់បន្តោយដឹងទៀតថា នេះជាលើកដំបូងដែលបានមកឃើញទិដ្ឋភាពផ្កាចម្រុះពណ៌ដែលស្អាតពិតជាគួរឱ្យគយគន់ ហើយពេលត្រឡប់ទៅផ្ទះវិញឆាប់ៗនេះនឹងនាំមិត្តភក្តិជិះម៉ូតូមកកម្សាន្តលេងនៅក្រុងកំពង់ចាមដោយមានគ្នាជាច្រើនអ្នក
ព្រោះថាបានមកម្ដងហើយចង់មកម្ដងទៀត។តាមពិតទៅផ្កាទាំងនេះគឺជាផ្នែកមួយបានទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តលេង ដែលបង្ហាញពីការយកចិត្តទុកដាក់ពិសេសអាជ្ញាធរពាក់ព័ន្ធក្រុងនិងខេត្តសូមកោតសរសើរ។
ចំណែកលោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាមប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី១៣ឧសភាថា ក្រោមការចង្អល់បង្ហាញពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ដោយបានឱ្យរូបលោកនិងមន្ត្រីឲ្យទៀតត្រូវយកចិត្តទុកដាក់រកពូជផ្កាដែលល្អយកមកដាំនៅទីតាំងចំណុចក្រោមស្ពានគីហ្ស៊ណា ដែលមានរហូតដល់ជាង១០ម៉ឺនគុម្ពឯណោះ។
ហើយផ្កាឈូករ័ត្នបានបន្តរីកមុនចូលឆ្នាំរហូតមកដល់ពេលនេះគឺរីកគ្រប់ដើមពិសេសនៅថ្ងៃចុងសប្តាហ៍ក្នុងមួយថ្ងៃមនុស្សមកលេងមានរហូតដល់ជាង ១០០០នាក់។ សម្រាប់ឆ្នាំ២០២៧ អាជ្ញាធរក្រុងនិងប្រឹងប្រែងរកពូជផ្កាផ្សេងទៀត ដើម្បីយកមកដាំនៅទីតាំងដដែលសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេង ដើម្បីគយគន់មើលទេសភាពមាត់ទន្លេខ្យល់ចំណូលបក់ត្រជាក់ធ្វើឱ្យអារម្មណ៍ម្នាក់ៗដែលនឿយហត់ពីការងារត្រូវបានរសាយ ៕










ចែករំលែកព័តមាននេះ