ទីក្រុងសេអ៊ូល ៖ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលមហាសេដ្ឋីកំពូលទាំង៤រូបមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំប្រទេសនេះ សុទ្ធតែមកពីសមាជិកនៃគ្រួសារត្រកូល លី (Lee) ដែលគ្រប់គ្រងក្រុមហ៊ុនខ្នាតយក្ស Samsung។ នេះបើតាមប្រភពពីទស្សនាវដ្តី Forbes បានចេញផ្សាយ។
ការបង្កើតប្រវត្តិសាស្ត្រលើកដំបូងនេះ កើតឡើងដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung រហូតដល់ ៤០% នៅក្នុងរយៈពេល១ខែកន្លងមកនេះ ដែលជំរុញដោយតម្រូវការកើនឡើងខ្ពស់សម្រាប់បន្ទះឈីបដែលត្រូវការចាំបាច់សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
លោក Lee Jae-yong ឬ Jay Y. Lee ដែលជាប្រធានក្រុមហ៊ុន Samsung គឺជាបុគ្គលមានជាងគេបំផុតនៅកូរ៉េខាងត្បូង ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៣៤ ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ១២,៤ ពាន់លានដុល្លារ ធៀបនឹងចុងខែមីនា។
ចំណែកប្អូនៗស្រីរបស់លោក គឺអ្នកស្រី Lee Boo-jin ដែលជាប្រធាន និងជានាយកប្រតិបត្តិសណ្ឋាគារ Shilla មានទ្រព្យសរុប ១២,៤ ពាន់លានដុល្លារ និងអ្នកស្រី Lee Seo-hyun ជាអ្នកជំនួញ និង អ្នករចនាម៉ូដ ក៏ដូចជាប្រធានផ្នែកផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Samsung C&T មានទ្រព្យសរុប ១២ ពាន់លានដុល្លារ ព្រមទាំងលោកស្រី Hong Ra-hee ដែលជាអ្នកជំនួយ និងធ្លាប់ជានាយិកាសារមន្ទីរសិល្បៈ Leeum ហើយក៏ជាម្តាយរបស់បងប្អូនទាំង៣នាក់នេះ មានទ្រព្យសរុប ១១,២ ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកមានបំផុតលំដាប់ទី ២, ៣ និង ៤ ប្រចាំប្រទេសកូរ៉េខាងត្បូង។
លោកស្រី Hong Ra-hee គឺជាភរិយារបស់លោក Lee Kun-hee អតីតប្រធានក្រុមហ៊ុន Samsung ដែលបានទទួលអនិច្ចកម្មកាលពីឆ្នាំ ២០២០។ អ្នកទាំងពីរមានចំណងដៃកូនប្រុស១នាក់ និងកូនស្រី៣នាក់ ដោយកូនស្រីពៅឈ្មោះ Lee Yoon-hyung បានស្លាប់កាលពីឆ្នាំ ២០០៥ ដោយការធ្វើអត្តឃាត។
គួរបញ្ជាក់ថា ការកើនឡើងទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្រួសារត្រកូល លី ភាគច្រើនបានពីភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើង៥ដងនៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ បច្ចុប្បន្ន Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីប AI ធំជាងគេបំផុតលើពិភពលោកតាមរយៈការលក់។
បើយោងតាមការធ្វើស្ថិតិកាលពីសប្តាហ៍មុនបានបង្ហាញថា មូលធនទីផ្សាររបស់ក្រុមហ៊ុន Samsung បានលើសពី១ទ្រីលានដុល្លារ ដោយក្លាយជាក្រុមហ៊ុនអាស៊ីទី២ បន្ទាប់ពីក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដែលចូលក្នុងបញ្ជីក្រុមហ៊ុនមានមូលធនទីផ្សារខ្ទង់ទ្រីលានដុល្លារ៕ ប្រភព ៖ Forbes, Independent, New York Post និងប្រភពផ្សេងទៀត
Samsung – David Lloyd-7769.jpg
ចែករំលែកព័តមាននេះ