ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ដែលជាឃាតករសម្លាប់សង្សារភេទដូចគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយធ្វើសកម្មភាពបាន៥ម៉ោង។
សមត្ថកិច្ចខេត្តព្រះសីហនុ ឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចមុខបន្ទប់ទឹកលេខ៩ ឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីឃាតកម្ម បង្កឡើងដោយស្ត្រីជាជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ លុះពេលទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរទៅបីម៉ាត់ ក៏ស្រាប់តែស្ត្រីជាជនសង្ស័យ បានដកកាំបិតពីក្នុងថង់ ទៅអា!រកស្ត្រីរងគ្រោះ បណ្តាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ស្ត្រីជាជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុ ភ្លាមៗដែរ ។
ស្ត្រីរងគ្រោះឈ្មោះ តាំង ស្រីនិច អាយុ២៧ឆ្នាំ ។ ចំណែកស្ត្រីជាជនសង្ស័យឈ្មោះសុខ រស្មី អាយុ២៤ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទ ដូចគ្នា ហើយស្រលាញ់គ្នាប្រហែល២ឆ្នាំ មកហើយ។
ក្រោយទទួលបានពត៌មានពីឃា!តកម្មខាងលើនេះភ្លាម កំលាំងជំនាញព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ និង២ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់ម៉ោងប្រហែល៣ និង២០ឈានចូលព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាននៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ៕



ចែករំលែកព័តមាននេះ