រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាទោះបីជាដំណោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធីសល់តែ១ភាគរយក្តីក៏សម្តេចនៅតែបន្តដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ ។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រោយមានពីបុគ្គលជ្រុលនិយមមួយក្តាប់តូច ដែលបានតាំងខ្លួនជាអ្នកវិភាគនៅតាមបណ្តាញសង្គម បាននាំគ្នាវិភាគរឿងជម្លោះព្រំដែនកម្ពុជា-ថៃ ថាកម្ពុជានៅសល់តែមួយភាគរយលើការឈ្នះពីប្រទេសថៃ ។

ថ្លែងក្នុងវេទិកាអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីត្រឡប់ទៅវិញថា៖« ទោះបីជាមានឱកាសត្រឹមតែ១ភាគរយ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធីក៏ដោយក៏ត្រូវតែយកយន្តការសន្តិវិធីធ្វើការដោះស្រាយដែរ ជាជាងធ្វើសង្គ្រាមច្បាំង ដែលបណ្ដាលឱ្យមានអ្នកស្លា.ប់របួស និងខ្ទេចខ្ទីអស់ហេរដ្ឋារចនាសម្ព័ន្ធ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រីលើកឡើងថា ៖«ខ្ញុំសូមឱ្យយល់ សូមបញ្ជាក់ឡើងវិញថា បើសិនជាការដោះស្រាយដោយសន្តិវិធី នៅមានឱកាសសូម្បីតែ១ភាគរយ ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដី តាមសន្តិវិធីយើងត្រូវតែប្រើវាឱ្យអស់លទ្ធភាព ។ ១ភាគរយនៃលទ្ធភាព ដើម្បីបើកការចរចា មិនទាន់បិទតាមសន្តិវិធី មិនមែន១ភាគរយនៃការយកឈ្នះគេដោយចរចានោះទេ» ។
សម្តេចធិបតី ក៏បានឱ្យដឹងថា អ្នកវិភាគដែលតាំងខ្លួនជាបណ្ឌិតរឿងវិភាគព្រំដែននេះ មានចំណេះដឹងចាញ់ប្រជាពលរដ្ឋធម្មតាវិញ ដែលពួកគាត់មានការយល់ច្បាស់រឿងព្រំដែននេះជាងពួកអស់លោកបណ្ឌិតទាំងឡាយទៀត ៕
ចែករំលែកព័តមាននេះ