ខេត្តសៀមរាប ៖ សកម្មភាពបើកបរដែលហាក់ ដូចជាការកម្សាន្តរបស់ក្មេងប្រុសម្នាក់ បានប្រែក្លាយទៅជាប្រធានបទក្តៅគគុក និងជាមេរៀនដ៏មានតម្លៃសម្រាប់អាណាព្យាបាលគ្រប់រូប បន្ទាប់ពីកម្លាំងនគរបាលខេត្តសៀមរាប ចេញប្រតិបត្តិការបង្ក្រាបភ្លាមៗ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនលើបណ្តាញសង្គម។

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចាត់វិធានការឆ្លើយតបយ៉ាងក្តៅគគុក និងទាន់ពេលវេលា ចំពោះករណីអនីតិជនបើកបររថយន្ត ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ។
យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានឈានដល់ដំណាក់កាលអនុវត្តភ្លាមៗ បន្ទាប់ពីវីដេអូឃ្លីបមួយបង្ហាញពីក្មេងប្រុសអនីតិជន កំពុងបញ្ជាចង្កូតរថយន្តធ្វើចរាចរណ៍ដោយភាពរំភើយ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានចែកចាយពេញបណ្តាញសង្គម ។ សកម្មភាពដែលមើលទៅហាក់ដូចជាការបង្ហាញភាពអង់អាចរបស់ក្មេងវ័យជំទង់រូបនេះ បានក្លាយជាហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ និងជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ។

ក្រោយទទួលបានសេចក្តីរាយការណ៍ និងសង្កេតឃើញការចែកចាយវីដេអូយ៉ាងព្រោងព្រាត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាឱ្យក្រុមការងារប្រតិកម្មរហ័ស និងកម្លាំងជំនាញចរាចរណ៍ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជាបន្ទាន់។
ជាលទ្ធផល នារសៀលថ្ងៃដដែល កម្លាំងនគរបាលបានកំណត់អត្តសញ្ញាណ និងឈានទៅដល់ការឃាត់ខ្លួនក្មេងប្រុសសង្ស័យ រួមជាមួយរថយន្តនៅក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង។
បច្ចុប្បន្ន ក្មេងប្រុសនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។ ក្រៅពីការអនុវត្តច្បាប់ ការឃាត់ខ្លួននេះ ក៏មានគោលបំណងបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ ក៏ដូចជាការអប់រំដល់អាណាព្យាបាលឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន។

ករណីនេះ បានក្លាយជាសារដាស់តឿនដ៏សំខាន់ដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប មិនត្រូវបណ្ដែតបណ្ដោយ ឬអនុញ្ញាតឱ្យកូនចៅដែលមិនទាន់គ្រប់អាយុ និងគ្មានប័ណ្ណបើកបរ បញ្ជាយានយន្តជាដាច់ខាត។ ការធ្វេសប្រហែសត្រឹមតែមួយ ខណៈ មិនត្រឹមតែនាំឱ្យប្រឈមមុខចំពោះមុខច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងត្រូវបាត់បង់អាយុជីវិត ឬទ្រព្យសម្បត្តិ ដែលមិនអាចវិលត្រឡប់ក្រោយវិញបាន។
បច្ចុប្បន្ន មហាជនកំពុងសម្តែងការគាំទ្រចំពោះចំណាត់ការដ៏រហ័សរបស់សមត្ថកិច្ចខេត្តសៀមរាប ខណៈដែលការរឹតបន្តឹងច្បាប់ចរាចរណ៍ កំពុងត្រូវបានជំរុញឱ្យកាន់តែតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងទឹកដីសៀមរាបអង្គរ ៕



ចែករំលែកព័តមាននេះ