ទីក្រុងប៉េកាំង៖ លោកត្រាំបានចាកចេញដំណើរពីទីក្រុងប៉េកាំងហើយបន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ។ លោកថ្លែងថាលោកសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យសម្រាប់ប្រទេសទាំង២។ ប៉ុន្តែគេមិនសូវដឹងលម្អិតប៉ុន្មានទេថាប្រទេសមហាអំណាចទាំង២បានឯកភាពគ្នាលើអ្វីខ្លះ។ លោកត្រាំធ្វើដំណើរទៅប្រទេសចិនលើកនេះបានជួបគ្នាកម្រិតកំពូលជាមួយប្រធានាធិបតីចិន លោកស៊ីជីនពីង និងអមដំណើរដោយថ្នាក់ដឹកនាំធុរកិច្ចជាច្រើននាក់នៅក្នុងវិស័យកសិកម្ម អាកាសចរណ៍ រថយន្តអគ្គិសនី និងបន្ទះឈីបប្រើបញ្ញាសិប្បនិម្មិត។

បញ្ហាពាណិជ្ជកម្មជារឿងសំខាន់សឹងតែស្ថិតនៅកំពូលតារាងនៃរបៀបវារៈជួបគ្នាលើកនេះ។ ពោលគឺនៅក្រោមតែបញ្ហាអ៊ីរ៉ង់មួយប៉ុណ្ណោះ។ វិស័យធុរកិច្ចនានាសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំង២ ក៏ដូចជាការបន្តសុពលភាពនៃការផ្អាកដំឡើងពន្ធគ្នាទៅវិញទៅមក។ ដំណើរទស្សនកិច្ចលើកនេះមើលទៅមានភាពកក់ក្ដៅគ្រាន់បើដោយមានពិធីបដិសណ្ឋារកិច្ចយ៉ាងអ៊ឹកអធិកពីសំណាក់ម្ចាស់ផ្ទះ។ ក្នុងនោះមានការទទួលស្វាគមន៍ដោយកងទ័ពកិត្តិយស ពិធីលៀងសាយភោជន៍ និងការអញ្ជើញទៅទីតាំងដែលមានតែមនុស្សពិសេសៗបំផុតប៉ុណ្ណោះទើបអាចទៅបាន។

លោកដូណាល់ត្រាំហាក់ដូចជាចាប់ចិត្តនឹងទិដ្ឋភាពបែបនេះយ៉ាងខ្លាំង។ លោកក៏បានអញ្ជើញប្រធានាធិបតីចិនទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែកញ្ញាខាងមុខនេះផងដែរ។ លោកអះអាងថាការពិភាក្សាគ្នាជាមួយប្រធានាធិបតីចិនប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង។ លោកស៊ីចាត់ទុកថានេះជាទស្សនកិច្ចជាប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក្ដី គ្មានភាគីណាមួយប្រកាសអំពីការរកច្រកចេញរួច ឬក៏ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយឡើយ។ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថាប្រទេសចិនយល់ព្រមទិញយន្តហោះម៉ាកបូអ៊ីងចំនួន២រយគ្រឿង ហើយអាចនឹងបន្តទិញ៧៥០គ្រឿងបន្ថែមទៀត។

លោកត្រាំថ្លែងបន្តទៀតថាកសិករអាមេរិកាំងនឹងសប្បាយចិត្តជាមិនខានព្រោះប្រទេសចិននឹងទិញសណ្ដែកសៀងរបស់ពួកគេតម្លៃរាប់ពាន់លានដុល្លារ។ ទោះជាមានការអះអាងបែបនេះក្ដី ខាងភាគីចិនមិនបានប្រកាសឱ្យបានច្បាស់ថាខ្លួនពិតជាបានចុះកិច្ចព្រមព្រៀង ឬសន្យាទិញអ្វីពីអាមេរិកទេ។ ប្រសិនបើការកុម្ម៉ង់ទិញយន្តហោះបូអ៊ីងពិតជាដូចលោកត្រាំនិយាយមែន វានឹងក្លាយជាកិច្ចព្រមព្រៀងទិញ-លក់យន្តហោះដ៏ធំបំផុតនារយៈពេលជិតមួយទសវត្សចុងក្រោយនេះ៕ ប្រភព៖ BBC

ចែករំលែកព័តមាននេះ