ទីក្រុងប៉េកាំង៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះ កាលពីថ្ងៃសុក្រថា លោកកំពុងអស់ភាពអត់ធ្មត់ជាមួយប្រទេសអ៊ីរ៉ង់ហើយ ខណៈរូបលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឈានដល់ការយល់ស្របគ្នាថា ទីក្រុងតេហេរ៉ង់ត្រូវតែបើកច្រកសមុទ្រហូម៉ូសឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភានេះ។
លោក ត្រាំ បានបញ្ជាក់ទៀតថា លោកកំពុងពិចារណាលើការលុបចោលទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់ចិនដែលបានទិញប្រេងពីអ៊ីរ៉ង់ ដើម្បីជាថ្នូរនឹងកិច្ចសហប្រតិបត្តិការ។
ទោះបីជាយ៉ាងណា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ដោយរិះគន់ថា សង្រ្គាមនេះគឺជាជម្លោះដែលមិនគួរឱ្យកើតមានតាំងពីដំបូងមកម្ល៉េះ ហើយក៏គ្មានហេតុផលណាមួយដែលត្រូវបន្តទៀតនោះដែរ។
គួរបញ្ជាក់ថា ការបិទច្រកសមុទ្រហូម៉ូសរបស់អ៊ីរ៉ង់ដែលបានកើតឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល បានបង្កឱ្យមានការរអាក់រអួលយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពលពិភពលោកដែលមិនធ្លាប់មានពីមុនមក។ ខណៈដែលលោក ត្រាំ កំពុងដាក់សម្ពាធឱ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់ ភាគីអ៊ីរ៉ង់បានឆ្លើយតបវិញថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចទាំងសម្រាប់ជម្រើសកិច្ចព្រមព្រៀង ឬការវិលត្រឡប់ទៅរកសង្រ្គាមវិញ ប្រសិនបើការចរចាមិនទទួលបានលទ្ធផល៕
ចែករំលែកព័តមាននេះ