រាជធានីភ្នំពេញ ៖ រថយន្តម៉ែកសឺដេស មួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុងខណៈពេលដែលធ្វើដំណើរនៅលើតាមដងផ្លូវសុកៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ៤០នាទីរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៦នៅចំណុចស្តុបផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដែលអគ្គីភ័យឆាបឆេះនោះម៉ាកម៉ែកសឺដេសពណ៌សពាក់ស្លាកលេខភ្នំពេញ២S.០០១១បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើធ្វើដំណើរតាមផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរហួសស្តុប ផ្លូវ ២០០៤កែងនឹងផ្លូវណតប្រីដ
បានបន្តិច ស្រាប់តែមានផ្សែងហុយចេញពីម៉ាស៊ីននិងក្លាយជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។
តាមសាក្សីបានឲ្យដឹងទៀតថា ខណៈនោះបុគ្គលិកនិងសន្តិសុខ ធនាគារABA ដែលនៅក្បែរនោះបានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែពុំអាចទប់ស្កាត់បាន។
នៅក្នុងហេតុការណ៍នោះដែររថយន្តពន្លត់អគ្គីភ័យមួយគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ។ទោះបីជាយ៉ាងណា រថយន្តមួយគ្រឿងខាងលើនោះរងការខូចខាតទាំងស្រុងនៅសល់តែដែកអេតចាយ។
ទាក់ទិននឹងការឆាបឆេះនេះ គេមានការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង៕













ចែករំលែកព័តមាននេះ