រាជធានីភ្នំពេញ៖ តើច្បាប់មានទុកសម្រាប់តែអនុវត្តលើពលរដ្ឋសាមញ្ញ ឬក៏ត្រូវប្រើសម្រាប់មន្ត្រីមានបុណ្យស័ក្តិផងដែរ?

ជាក់ស្តែង មានករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ កំពុងក្លាយជាទីលានវាស់ស្ទង់សីលធម៌មន្ត្រីនគរបាលជាតិ ក្រោយលេចធ្លាយព័ត៌មានថា មានមន្ត្រីបុណ្យស័ក្តិខ្ពស់ម្នាក់ ប្រើពាក្យសម្តីគំរាមវាយខ្នោះពលរដ្ឋដាក់គុកទាំងកម្រោល និងប្រើប្រាស់បារីអេឡិច
ត្រូនិចដែលច្បាប់ហាមឃាត់យ៉ាងរំភើយ ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៤៩នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចជិតភោជនីយដ្ឋាន «ឫស្សីស្រស់» តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជម្លោះបានផ្ទុះឡើង បន្ទាប់ពីរថយន្តបង្កមួយគ្រឿងបានជ្រុលទៅបុកចំចំហៀងខាងក្រោយរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខនគរបាល ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ ។ អ្វីដែលជាចំណុចរសើបបំផុតនៅក្នុងរឿងក្ដីនេះ មិនមែនស្ថិតត្រង់ការខូចខាតទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគឺឥរិយាបថរបស់ម្ចាស់រថយន្តស្លាកលេខនគរបាល ។

ក្នុងខណៈពេលដែលភាគីទាំងសងខាងកំពុងស្ថិតក្នុងដំណាក់កាលចរចា មន្ត្រីនគរបាលរូបនោះ បែរជាប្រើប្រាស់សម្តីអាងអំណាច រកវាយខ្នោះ និងគំរាមបញ្ជូនភាគីម្ខាងទៀតទៅដាក់ពន្ធនាគារភ្លាមៗ ។
សកម្មភាពនេះ ត្រូវបានមហាជនមើលឃើញថា ជាការយកតួនាទី និងភារកិច្ចមន្ត្រីយុត្តិធម៌ មកបម្រើឱ្យផលប្រយោជន៍ និងអារម្មណ៍ផ្ទាល់ខ្លួន ផ្ទុយពីគោលការណ៍ច្បាប់ចរាចរណ៍ដែលតម្រូវឱ្យមានការវាស់វែង និងសម្របសម្រួលពីមន្ត្រីជំនាញ។
រឿងរ៉ាវកាន់តែស្មុគស្មាញ នៅពេលដែលមន្ត្រីរូបនោះត្រូវបានគេប្រទះឃើញកំពុងប្រើប្រាស់បារីអេឡិចត្រូនិច (Vape) យ៉ាងចំហនៅទីសាធារណៈ។ នេះគឺជាចំណុចអវិជ្ជមានមួយទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងមានវិធានការក្ដៅក្នុងការលុបបំបាត់ការចរាចរណ៍ និងប្រើប្រាស់បារីប្រភេទនេះ ។

ការដែលអ្នកអនុវត្តច្បាប់ បែរជាមកបំពានច្បាប់ដោយខ្លួនឯងបែបនេះ បានបង្កើតជាសំណួរដដែលៗថា តើការវាយខ្នោះគួរអនុវត្តលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ឬគួរអនុវត្តលើមន្ត្រីដែលបំពានវិន័យកងកម្លាំង?
ឆ្លើយតបនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញទស្សនៈរបស់ក្រសួងមហាផ្ទៃចំពោះមន្ត្រីដែលប្រើអំណាចដោះស្រាយបញ្ហាផ្ទាល់ខ្លួន លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈប្រព័ន្ធតេឡេក្រាមថា ថ្នាក់ដឹកនាំក្រសួងបានឃើញហើយ ។ យើងបានតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងពិនិត្យករណីនេះឱ្យបានសព្វគ្រប់ជ្រុងជ្រោយ។
ការបោះជំហានមកដល់ចំណុចនេះរបស់ក្រសួងមហាផ្ទៃ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា គ្មានបុគ្គលណាម្នាក់អាចស្ថិតនៅពីលើច្បាប់បានឡើយ ទោះបីជាមានបុណ្យស័ក្តិខ្ពស់ប៉ុណ្ណាក៏ដោយ ។ មហាជនកំពុងរង់ចាំមើលចំណាត់ការជាបន្តទៀត ដើម្បីជម្រះមន្ទិល និងពង្រឹងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ៕
ចែករំលែកព័តមាននេះ