ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACUបញ្ជូនជនសង្ស័យ៤នាក់ពីបទស៊ីសំណូកទៅតុលាការ​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​កំណត់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គ្រាន់តែ​យឺត១​ម៉ោង គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​កន្លះ​ល្ងាច ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់…

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​កំណត់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គ្រាន់តែ​យឺត១​ម៉ោង គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​កន្លះ​ល្ងាច ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​នោះ​២​នាក់​ជា​មន្ត្រី​នគរបាល​ជាន់ខ្ពស់ ម្នាក់​ពាក់​ផ្កាយ​៣ និង​ម្នាក់​ទៀត​ពាក់​ផ្កាយ​២ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​២​នាក់​ទៀត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាប់ចោទ​ពី​បទ​ស៊ីសំណូក​ពី​ក្រុម Online Scams ។

ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដឹក​តាម​រថយន្ត​ទំនើប
២​បាំង​ចំនួន​៤​គ្រឿង គឺ​រថយន្ត​មួយ​គ្រឿង​ដាក់ជនសង្ស័យ​ម្នាក់ ដោយ​មាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អង្គុយ​អម​សងខាង និង​មាន​រថយន្ត​១​គ្រឿង​ទៀត​ជា​រថយន្ត​មន្ត្រី ACU ដែល​ជា​អ្នក​កាន់​សំណុំរឿង​ជិះ​តាម​ពីក្រោយ សរុប​រថយន្ត​៥​គ្រឿង ។

ក្បួន​រថយន្ត​ទាំង​៥​គ្រឿង បាន​ចេញដំណើរ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឆ្ពោះទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រថយន្ត​១​គ្រឿង​ខាង​មុខ​គេ គឺ​ដឹក​ឧត្តមសេនីយ៍ឯក អ៊ុ​ក
ហៃ​សីឡា អគ្គ​នាយ​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ រថយន្ត​ទី​២ ដឹក​ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ។ រថយន្ត​ទី​៣ ដឹក​ជនសង្ស័យ​ឈ្មោះ យ៉ា​ត កុសល និង​រថយន្ត​ទី​៤ ដឹក​អ្នកស្រី អស កូ​ពិសី ប្រពន្ធ​លោក សរ សំណាង ។

ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ប៉ុន្តែ​ទំនង​ដោយសារ​ជ្រុល​ម៉ោង​បន្តិច ទៅ​ហើយ ទើប​តំណាង​អយ្យការ​បាន​អនុញ្ញាត​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដឹក​ជនសង្ស័យ​យក​ទៅ​អង្គភាព​វិញ គឺ​ផ្ញើ​ទុក​សិន និង​តម្រូវ​បន្ត​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ទៀត ។

សូម​ជម្រាប​ថា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀបចំ​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​ជាន់ខ្ពស់​២​រូប និង​ជនសង្ស័យ​២​នាក់​ទៀត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស៊ីសំណូក​ពី​ក្រុម Online Scams និង​សម្អាត​ប្រាក់ ។

ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន ៖
១-​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា (​ផ្កាយ​៣) អគ្គនាយករង​នៃ​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍ ។
២-​ឧត្តមសេនីយ៍ទោ សរ សំណាង (​ផ្កាយ​២) ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
៣-​អ្នកស្រី អស កូ​ពិសី ជា​ប្រពន្ធ​លោក សរ សំណាង ។
៤-​ឈ្មោះ យ៉ា​ត កុសល ។

បើ​តាម​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី មនុស្ស​២​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ រួម​មាន អ្នកស្រី អស កូ​ពិសី ជា​ប្រពន្ធ​លោក សរ សំណាង និង​ម្នាក់​ទៀត​ឈ្មោះ យ៉ា​ត កុសល ដែល​ជាប់​សង្ស័យ​រឿង​ស៊ីសំណូក​ពី​ក្រុម Online Scams និង​សម្អាត​ប្រាក់ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បន្ថែមថា ការ​ចាប់ខ្លួន​នាយ​នគរបាល​ជាន់ខ្ពស់​២​រូបនិង​ជន​ពាក់ព័ន្ធ​ខាងលើ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ។ ករណី​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​រយៈពេល​២០​ថ្ងៃ​មក​ហើយ ហើយ​ប្រតិបត្តិការ​២០​ថ្ងៃនេះ អង្គភាព​នឹង​បញ្ជាក់​ជូន​លម្អិត ក្រោយពេល​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​សាលាដំបូង​រាជា​ធានី​ភ្នំពេញ​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ