ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​នៅ​ស្ទឹង​ព្រែក​ត្នោត ​គ្មាន​ត្រី​ងាប់​ទៀត​ទេ ព្រោះ​វា​បាន​ងាប់​ថ្ងៃមុន​អស់ហើយ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​យ​ស្ទឹង​ព្រែក​ត្នោត​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​និយាយ​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៦ នៅ​ស្ទឹង​ព្រែក​ត្នោត​…

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​យ​ស្ទឹង​ព្រែក​ត្នោត​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​និយាយ​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៦ នៅ​ស្ទឹង​ព្រែក​ត្នោត​ គ្មាន​ត្រី​ងាប់​បន្ត​ទៀត​នោះ​ទេ ។ ត្រី​តូចធំ​រាប់រយ​ក្បាល ​បាន​ងាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​អស់​បាត់​ទៅ​ហើយ ដែល​សូ​ម្បី​តែ​កំពឹស​ក៏​ងាប់​អស់​គ្មាន​សល់​ដែរ ពេល​នេះ​គ្មាន​ត្រី​សម្រាប់​ចាប់​ធ្វើ​ម្ហូប​បាន​ឡើយ ។ ចំណែក​អ្នក​ដែល​មានមុខរ​បរជា​អ្នកនេសាទ ធ្លាប់តែ​ដាក់​មង បង់សំណាញ់ ឬ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ ដើម្បី​ចាប់​ត្រី​នៅ​ក្នុង​ស្ទឹង​នោះ​បាន​យក​ទៅ​លក់ដូរ ឬ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ ក៏​មិន​អាច​រក​ចាប់​ត្រី​បាន​ទៀត​ដែរ ។

ប្រជាពលរដ្ឋ ​បាន​និយាយ​បន្ត​ទៀត​ថា ត្រី​ដែល​ងាប់​នៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​នោះ​មាន​ច្រើន​ប្រភេទ ​ដូច​ជា​ត្រី​សណ្ដាយ ត្រី​ពោ ត្រី​ប្រា ត្រី​ក្រាយ ត្រី​ខ្យា ជាដើម​។​ល​។ ដែល​ត្រី​ខ្លះ​ធំ​ៗ ១​ក្បាល មាន​ទម្ងន់​៥​ទៅ​ជាង​១០​គីឡូក្រាម​ឯណោះ ជា​ពិសេស​ត្រី​ប្រា ត្រី​ពោ​ និង​ត្រី​សណ្ដាយ​ធំ​ៗ​ណាស់ ។ កន្លង​មក​ពេល​ទៅ​ឈរ​មាត់​ស្ទឹង​ត្រង់​ចំណុច​កន្លែង​អន្លង់​ត្រី បានឮ​ត្រី​មាត់ ឬ​ឃើញ​ត្រី​ហែល​ដេញ​ត្របាក់​ចំណី​មិន​ស្ងាត់​នោះ​ទេ ប៉ុន្តែ​ចាប់ពី​ត្រឹម​ចុងខែ​មីនា និង​ចូល​ដល់​ដើម​ខែមេសា ឆ្នាំ​២០២៦​នេះ ស្ងាត់​មាត់​ត្រី​ដូច​ចោរលួច​សេះ ព្រោះ​ត្រី​ងាប់​អស់ហើយ ។

ប្រ​ជាពលរដ្ឋ​បាន​និយាយ​បន្ថែម​ទៀត​ថា កុំ​ថា ​ឡើយ​តែ​ត្រី​ច្រើន​ប្រ​ភេទ​ខាងលើ​ដែល​ងាប់ សូ​ម្បី​តែ​កំពឹស​ក៏​ងាប់​អស់​គ្មាន​សល់​ដែរ ហើយ​ចំណែកឯ​ទឹកស្ទឹង​នោះ ​ក៏​នៅ​តែ​ធំ​ក្លិនស្អុយ ​ពុំ​ទាន់​អាច​ដង​យក​ទៅ​ប្រើ​ការ​បាន​នៅឡើយ ។ ពួក​គាត់​ពុំ​ដឹង​ថា អព្ភូតហេតុ​នោះ​កើតឡើង​ដោយសារ​អ្វី​នោះ​ទេ ហើយ​ពួក​គាត់​ដឹង​ថា វា​បាន​កើតឡើង​តាំ​ពី​ចំណុច​ស្ពាន​៧​មក​រា សង្កាត់​ក្រាំង​ពង្រ រហូត​ដល់​សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ ហើយ​ទឹក​ស្អុយ​នោះ​ក៏​ហូត​ទៅ​ដល់​សង្កាត់​ក្រោម​ៗ​ទៀត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

សូម​រម្លឹក​ថា ហេតុការណ៍​ត្រី​ពុល​ងាប់​នៅ​ក្នុង​ទឹកស្ទឹង​ព្រែ​ត្នោត​ខាងលើ​នេះ ​បាន​ចាប់ផ្ដើម​កើត​មាន​ឡើង​តាំងពី​អំឡុង​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦​មក​ម្ល៉េះ នៅ​ភូមិសាស្ត្រ​សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ទើប​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម នៅ​ថ្ងៃ​ដដែល​នេះ មន្ត្រី​ជំនាញ​ នៃ​ក្រសួងបរិស្ថាន ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ស្ទឹង​ព្រែក​ត្នោត​ ត្រង់​ចំណុច​ដែល​មាន​ត្រី​ងាប់​នោះ និង​កន្លែង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​កន្លែង​រួច​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​រក​មូលហេតុ​ឃើញ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ