ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ គេសង្កេតឃើញក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន បាននាំគ្នា ចាប់ផ្តើមសស្រាក់សស្រាំ រៀបចំតុបតែងកែលម្អ នៅតាមដងផ្លូវសាធារណៈក្នុងក្រុង ជាពិសេសក្បែរមុខសាលាខេត្ត ដោយចាប់ផ្តើមតាំងពីព្រឹកដល់ល្ងាច ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ ពោលគឺចាប់ផ្តើមនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ សារឿន ភេទប្រុស ជាអាជីវករលក់ដូរនៅផ្សាររាត្រី លើសួនកុមារ នាពេលយប់ បានរៀបរាប់ឱ្យដឹងថា ៖ អស់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ក្រុមការងារ នៃរដ្ឋបាលសាលាខេត្តប៉ៃលិន បាននាំគ្នាមមាញឹកក្នុងការរៀបចំតុបតែង កែលម្អអំពូលភ្លើង ដោយរៀបជាក្បាច់រូបសត្វ និងកែច្នៃជាផ្ការំដួល ជារូបសត្វក្ងោក ព្រមទាំងផ្កាភ្ញីចម្រុះពណ៌ផ្សេងៗផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ក្រុមការងារ ក៏បាននាំគ្នាចងអំពូលភ្លើងចម្រុះពណ៌នៅក្បែរវិមានឯករាជ្យ ដោយដាក់អំពូលភ្លើងតូចធំ អមទៅដោយរូបផ្កាពណ៌លឿង ក្រហម និងផ្កាឈូក ដែលធ្វើឱ្យកាន់តែទាក់ទាញនៅពេលប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តតាមដងផ្លូវនាពេលរាត្រី ។
ម្យ៉ាងវិញទៀត ក្រុមការងាររដ្ឋបាលខេត្ត ក៏បានដាំផ្កាចម្រុះពណ៌នៅចំកណ្តាលពុះចែកទ្រូងផ្លូវជាហូរហែ ខណៈពេលដែលគេធ្វើដំណើរនាពេលថ្ងៃ មើលទៅមានសភាពស្រស់ស្អាត ហាក់ដូចជាទីក្រុងផ្កា ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរធ្វើឱ្យប្លែក និងសប្បាយរីករាយ ។
បើតាមការរៀបរាប់ពីភ្ញៀវទេសចរម្នាក់ ឈ្មោះ ប៊ុនសាន្ត ភេទប្រុស រស់នៅខេត្តបាត់ដំបង បានឱ្យដឹងថា ៖ គាត់ធ្វើដំណើរមកខេត្តប៉ៃលិន ដើម្បីជួបជុំបងប្អូនធ្វើពិធីសែនផ្នូរឱ្យឪពុកម្តាយ ដែលបានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ លុះពេលមកដល់ក្នុងក្រុងប៉ៃលិន នាពេលនេះ ពិតជារៀបចំបានល្អ ពោរពេញទៅដោយទេសភាពស្រស់បំព្រង ហើយមើលទៅនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ គាត់នឹងនាំប្រពន្ធកូនចូលមកលេងម្តងទៀត ដើម្បីធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តនេះ ព្រោះគេប្រាប់ថា មានការៀបចំកន្លែងលេងជាច្រើន ជាពិសេសនៅក្បែរដងស្ទឹងតែម្តង ។ លើសពីនេះ គាត់នឹងបបួលនាំបងប្អូនសាច់ញាតិឱ្យនាំគ្នាមកលេងក្នុងប៉ៃលិននេះ ឱ្យកាន់តែច្រើន ព្រោះទេសភាពក្នុងក្រុងប៉ៃលិន ទាំងយប់ទាំងថ្ងៃ គឺមានលក្ខណៈប្លែកភ្នែក ។
សូមបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិន មានរមណីយដ្ឋានជាច្រើនដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរឱ្យចូលទៅលេងកម្សាន្តដូចជា រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាង រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ (អូរតាវ៉ៅ) រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានស្ទឹងតារាប និងមានកន្លែងលេងកម្សាន្តផ្សេងៗជាច្រើនទៀត៕











ចែករំលែកព័តមាននេះ