សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រកខ្លាញ់ក្បាលពោះនឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើអ្នកចេះជ្រើសរើសភេសជ្ជៈដែលសម្បូរជាតិសរសៃ កាឡូរីទាប និងមានសមត្ថភាពជម្រុញប្រព័ន្ធដុតរំលាយអាហារ។
បើតាមអ្នកជំនាញសុខភាព ភេសជ្ជៈធម្មជាតិចំនួន ៥ ប្រភេទ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរនោះទេ ប៉ុន្តែថែមទាំងផ្ដល់ថាមពល និងបន្សាបជាតិពុលក្នុងរាងកាយទៀតផង។
ភេសជ្ជៈដំបូងគេគឺ ទឹកមើមឆៃថាវក្រហម ដែលសម្បូរទៅដោយសារធាតុនីត្រាត ជួយឱ្យចរន្តឈាមដើរស្រួល និងបង្កើនសមត្ថភាពក្នុងការហាត់ប្រាណឱ្យកាន់តែខ្លាំងដើម្បីដុតកាឡូរី។ បន្ទាប់មកគឺ ទឹកការ៉ុត ដែលមានជាតិស្ករទាប និងសម្បូរជាតិសរសៃ ជួយទប់ស្កាត់ការឃ្លានអាហារផ្អែមៗ និងផ្ដល់វីតាមីន A យ៉ាងច្រើនដល់ស្បែក និងភ្នែក។ ចំពោះអ្នកដែលចង់បង្កើនមេតាបូលីស ទឹកបន្លែបៃតងលាយក្រូចឆ្មារ និងខ្ញី គឺជាជម្រើសដ៏ល្អបំផុត ព្រោះខ្ញីជួយកាត់បន្ថយចំណង់អាហារ ចំណែកក្រូចឆ្មារជួយបន្សាបជាតិពុល និងជំរុញការដុតរំលាយខ្លាញ់។
ក្រៅពីនេះ ទឹកផ្លែទទឹម ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយកម្រិតខ្លាញ់ក្នុងរាងកាយ តាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា និងជួយកាត់បន្ថយការរលាកផ្សេងៗ។ ចុងក្រោយគឺ ទឹកប៉ោមបៃតង ដែលមានជាតិស្ករទាបជាងប៉ោមក្រហម និងសម្បូរជាតិអាស៊ីតធម្មជាតិ ជួយដល់ការលាងសម្អាតថ្លើម និងសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យដើរស្រួល។ ការទទួលទានភេសជ្ជៈទាំងនេះក្នុងបរិមាណសមល្មម រួមផ្សំជាមួយការហាត់ប្រាណទៀងទាត់ នឹងជួយឱ្យអ្នកសម្រេចគោលដៅសម្រកក្បាលពោះបានយ៉ាងឆាប់រហ័ស និងមានសុខភាពល្អមាំមួន៕
ចែករំលែកព័តមាននេះ