ទីក្រុងតេហេរ៉ង់៖ ស្ថានការណ៍សង្គ្រាមរវាងមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចផ្ទុះអាវុធដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅថ្ងៃសុក្រនេះ បន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ( IRGC ) បានប្រកាសជាផ្លូវការថា ប្រព័ន្ធការពារអាកាសដ៏ទំនើបរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយដ៏ល្បីល្បាញរបស់អាម៉េរិកប្រភេទ F-35 មួយគ្រឿង នៅលើផ្ទៃម៉េឃភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua និង BBC ចុះផ្សាយនៅថ្ងៃទី៣ ខែមេសានេះ។
បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារ Sepah News អមដោយរូបភាពដែលគេអះអាងថាជាកម្ទេចកម្ទីយន្តហោះ យន្តហោះចម្បាំងនេះត្រូវបានកម្ទេចទាំងស្រុងមុនពេលធ្លាក់ដល់ដី។
តាមការបញ្ជាក់ពីភាគីអ៊ីរ៉ង់ យន្តហោះ F-35 ដែលរងការវាយប្រហារនេះ គឺជាសមាជិកនៃក្រុមហោះហើរ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ចំពោះវាសនារបស់ពីឡុតវិញ IRGC បានលើកឡើងថា នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែតាមរយៈទំហំនៃការផ្ទុះដ៏ខ្លាំងក្លាពេលមីស៊ីលបាញ់ចំគោលដៅ លទ្ធភាពនៃការរស់រានមានជីវិត ឬការលោតចេញពីយន្តហោះដោយសុវត្ថិភាព គឺមានកម្រិតទាបបំផុត។ រហូតមកទល់ពេលនេះ ខាងសហរដ្ឋអាម៉េរិកនៅមិនទាន់មានការឆ្លើយតប ឬធ្វើអត្ថាធិប្បាយណាមួយចំពោះការបាត់បង់យន្តហោះចម្បាំងតម្លៃរាប់រយលានដុល្លារនេះនៅឡើយទេ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលយន្តហោះ F-35 របស់អាម៉េរិកជួបបញ្ហានៅលើមេឃអ៊ីរ៉ង់ ដ្បិតកាលពីថ្ងៃទី១៩ ខែមីនា អាម៉េរិកធ្លាប់បានទទួលស្គាល់ថា យន្តហោះ F-35 មួយគ្រឿងបានបង្ខំចិត្តចុះចតជាបន្ទាន់ក្រោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងប្រតិបត្តិការលើទឹកដីអ៊ីរ៉ង់។ ការបាញ់ទម្លាក់នាពេលនេះ កាន់តែធ្វើឱ្យភ្លើងសង្គ្រាមដែលបានឆាបឆេះតាំងពីថ្ងៃទី២៨ ខែកុម្ភៈ (ក្រោយការធ្វើឃាតមេដឹកនាំកំពូល Ali Khamenei) កាន់តែរីករាលដាលខ្លាំង និងធ្វើឱ្យពិភពលោកបារម្ភពីការសងសឹកកាន់តែសាហាវពីសំណាក់រដ្ឋបាលលោក ត្រាំ៕
ចែករំលែកព័តមាននេះ