ទីក្រុងឥស្លាមម៉ាបាត៖ ឥណ្ឌា និងប៉ាគីស្ថានបានបាញ់ប្រហារគ្នានៅលើអាកាសដោយយន្តហោះទល់នឹងយន្តហោះរយៈពេលជាង១ម៉ោង។ មើលទៅដូចនៅក្នុងខ្សែភាពយន្តដូច្នោះដែរ។ មន្ត្រីសន្តិសុខជាតិប៉ាគីស្ថានប្រាប់ទូរទស្សន៍ស៊ីអឹនអឹន (CNN) ថាយន្តហោះមិនក្រោម១២៥គ្រឿងទេដែលបានចូលរួមប្រយុទ្ធគ្នាដើម្បីជួយភាគីម្ខាងៗ។
បើរឿងនេះជាការពិតមែន វាជាឆាកប្រយុទ្ធលើអាកាសដ៏ធំបំផុតចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២។ ការប្រយុទ្ធគ្នាដ៏ធំសម្បើមអស្ចារ្យលើកនេះឆ្លុះបញ្ចាំងនូវការឡើងកម្ដៅនៃសង្គ្រាមដល់កម្រិតខ្ពស់បំផុតរវាងប្រទេសនុយក្លេអ៊ែរទាំង២។ ប្រទេសមហាអំណាចធំៗកំពុងតែរត់ខ្វែងដៃខ្វែងជើងគ្នាដើម្បីធ្វើនយោបាយការទូតដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ប៉ុន្តែបើការទូតបរាជ័យ ប្រទេសទាំង២អាចនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក៏អាចថាបាន។ នៅក្នុងការបាញ់គ្នារវាងយន្តហោះ និងយន្តហោះនៅលើអាកាសនោះ ប៉ាគីស្ថានអះអាងថាខ្លួនបាញ់ធ្លាក់យន្តហោះឥណ្ឌា៥គ្រឿង។ ប្រភពខ្លះថាយន្តហោះរបស់ប្រទេសទាំង២ហោះសំកាំងពីលើដែនអាកាសនៃប្រទេសរៀងៗខ្លួនដើម្បីបាញ់គ្រាប់កាំភ្លើងដាក់គ្នា។
ចំណែកកងទ័ពជើងគោកបានបាញ់មីស៊ីលចម្ងាយជាង១០០ម៉ាយដាក់គ្នាទៅវិញទៅមក។ អាកាសយានិកឥណ្ឌាព្យាយាមបើកយន្តហោះចូលដែនអាកាសប៉ាគីស្ថានបម្រុងវាយប្រហារ។ ដូច្នេះ អាជ្ញាធរប៉ាគីស្ថានបានប្រកាសអាសន្នឱ្យប្រជាជនប្រុងប្រយ័ត្ននៅលើទីតាំងដែលខ្លួនយល់ថាកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ប្រភពដដែលនោះថ្លែងបន្តទៀតថាភាគីទាំង២មិនហ៊ានឆ្លើងព្រំដែនគ្នាទេព្រោះខ្លាចដូចករណីផ្ទុះសង្គ្រាម១ចម្អិនកំពិសឆ្នាំ២០១៩នៅពេលអាកាសយានិកឥណ្ឌាជិះយន្តហោះចម្បាំងចូលបាញ់ប្រហារដល់ក្នុងទឹកដីប៉ាគីស្ថាន។ ក្រោយមកអាកាសយានិករូបនេះត្រូវប៉ាគីស្ថានចាប់បាន វាយឡើងជាំភ្នែកទាំងសងខាង និងថតដាក់ទូរទស្សន៍ថែមទៀត។ នេះជារឿងអាម៉ាស់ដែលប្រទេសទាំង២ព្យាយាមទប់ស្កាត់មិនឱ្យកើតមានជាបន្តទៀត៕
ចែករំលែកព័តមាននេះ