រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលបានខណ្ឌចំការមន សហការជាមួយនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបជនជាតិចិន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខក្លឹបULTRA ផ្លូវចៃការ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឆក់កាបូបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែឧសភា នៅចំណុចផ្ទះជួល ក្នុងភូមិទី៤ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន រួមមាន ៖
១. ឈ្មោះ គឿន គុណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិដើមគរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន) ។
២. ឈ្មោះ លី ហ្វាស៊ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។
តាមនគរបាលខណ្ឌរឫស្សីកែវ បានឲ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងហួរ អធិការខណ្ឌ បានសហការជាមួយលោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវហើយ ឈានទៅបង្ក្រាបបានក្រុមចោលឆក់ចំនួន ៣នាក់ដែលសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួល។ នៅក្នុងនោះ មានពីរនាក់ខាងលើ ពាក់ព័ន្ធនឹងករណីឆក់កាបូបជនជាតិចិន នៅក្នុងមូលដ្ឋានខណ្ឌចំការមន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង១១និង២០នាទីព្រឹក ជនសង្ស័យចំនួនពីរនាក់ខាងលើ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅចំណុចមុខក្លឹប ULTRA ផ្លូវចៃការ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅក្នុងសកម្មភាពជនសង្ស័យឆក់បានសម្រេច ដោយនៅក្នុងកាបូប រួមមានសម្ភារៈ លិខិតឆ្លងដែន ចំនួន២ក្បាល, អត្តសញ្ញាណបណ្ណសញ្ញាតិចិន ២សន្លឹក, បណ្ណបើកបរចំនួន០១, បណ្ណការងារកម្ពុជា ចំនួន១, បណ្ណឥណពន្ធហុងកុង ចំនួន០១ ។
ជនរងគ្រោះ មានឈ្មោះ HE KERUI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ធាគារហ័ងសាន បន្ទប់លេខ៣០៧ ជាន់ទី១៧ ផ្លូវចៃការ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនស្របច្បាប់ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដករហូតវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ២គ្រឿង ម៉ាកស្គុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JC.4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1LI.8243 កូនកាបូបដៃ ធ្វើអំពីក្រណាត់ ពណ៍ប្រផេះចំនួន១. លិខិតឆ្លងដែន ចំនួន២ក្បាល កាតការងារជនបរទេសចំនួន១ អត្តសញ្ញាណបណ្ណប្រជាជនចិន ចំនួន៣សន្លឹក និងបណ្ណបើកបរជនបរទេស ចំនួន១សន្លឹក ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ប្រគល់ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ