ខេត្តតាកែវ ៖ ភាពយឺតយ៉ាវក្នុងការសាងសង់ផ្សារ ព្រមទាំងខុសកិច្ចសន្យារវាងអ្នកវិនិយោគផ្សារ និងអាជីវករមួយផ្នែកផងនោះ បានធ្វើឲ្យអាជីវករមួយភាគធំ មិនព្រមចូលលក់ក្នុងផ្សារណាត់ថ្មីឡើយ ប្រៀបដូចចាញ់ល្បិ.ចកលឈ្មួញដែលមកវិនិយោគ។

មានអាជីវករជាន់ក្រោម នៃផ្សារណាត់ថ្មី បានចូលលក់ដូរតាមតូបខ្លះៗហើយ តែតូបជាន់ខាងលើៗ គឺមិនទាន់មានអាជីវករចូលលក់ដូរប្រកបអាជីវកម្មនៅឡើយទេ។ ក្រុមអាជីវករបានលើកឡើងថា ពេលនេះការសាងសង់ផ្សារណាត់ ហាក់នៅទ្រឹងមិនដំណើរការសោះ ទោះបីជាលេចរូបរាងអគារហើយយ៉ាងណាក៏ដោយ តែសម្ភារៈបរិក្ខារ ការខណ្ឌបែងចែកតូបនៅជាន់ទី១ ទី២ និងទី៣ នៅតែមិនច្បាស់លាស់។ ម្យ៉ាងជណ្តើរយន្តដែលអ្នកវិនិយោគផ្សារថា ដាក់សម្រាប់ឡើងទៅជាន់ខាងលើនោះ គឺមិនទាន់ដាក់នៅឡើយទេ ជាការសន្យាខ្យល់។ ដូចដែលការរៀបរាប់ខាងលើនេះហើយ ទើបមិនមានក្រុមអាជីវករចូលលក់ដូរប្រកបអាជីវកម្មរបស់ពួកគាត់។

សូមបញ្ជាក់ថា ផ្សារណាត់ថ្មីនេះ គឺមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានទំហំ១៥ម៉ែត្រ គុណ៨០,១៥ ម៉ែត្រ កម្ពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប ដោយបានចាប់ផ្តើមបុ.កគ្រឹះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់ការសាងសង់ចុងឆ្នាំ២០២២។ លុះមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សកម្មភាពសាងសង់មិនបានបញ្ចប់តាមកិច្ចសន្យាឡើយ គឺនៅទ្រឹងដដែលទេ ហើយមានតែអាជីវករមួយចំនួនតូច ដែលបានចូលលក់នៅជាន់ក្រោម។
អភិបាលខេត្តជាម្ចាស់ទឹកម្ចាស់ដីដែលបានយល់ព្រមឱ្យឈ្មួញវិនិយោគ សង្ស័យបរាជ័យតែម្ដង និយាយលែងចេញទៅហើយ ។ ឯណាការបែងចែកខណ្ឌជាតូបលក់ដូរ ឯណាជណ្ដើរយន្តឱ្យក្លាយជាផ្សារណាត់ដ៏ទំនើបនោះ ។ អត់មានទេ ដូចសង្ឃឹមមេឃ សង្ឃឹមផ្កាយ ។

មានអាជីវករខ្លះនិយាយទាំងចំអក ដោយខឹងថា បានបង់ប្រាក់ឱ្យថៅកែផ្សារអស់ហើយ… របៀបធ្វើនំអត់ម្សៅ មិនដឹងយកម្សៅទៅណាអស់ទេ ស្រាប់តែឮថា ក្ស័យធនថែមទៀត… ហេ! ហេ!
ឱ! លោកអភិបាលខេត្តតាកែវអើយ ដូចអត់មានការរីកចម្រើន… ការអភិវឌ្ឍន៍អន់… ដែលគួរតែដោះស្រាយឱ្យអាជីវករបានល្អហើយ ប៉ុន្តែអត់ឃើញជួយសម្រួលដល់អាជីវករដែលខាតបង់ប្រាក់ម្នាក់រាប់ម៉ឺនដុល្លារ រកកន្លែងលក់ដូរតាមសន្យាមិនឃើញសោះ… ហេ! ហេ!
មិនអាចទាក់ទងសុំការបំភ្លឺបានឡើយពីអ្នកវិនិយោគផ្សារ ដែលបរាជ័យនេះ។
មើលទៅផ្សារណាត់ ខេត្តតាកែវ បរាជ័យរៀងរហូតទេដឹង?… ហេ! ហេ!
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ