រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគសបញ្ជាក់ថា ប្រទេសជាតិមួយដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន ។
ការថ្លែងរបស់សម្តេចបវរធិបតីនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានអប់រំមួយ ដែលបានរួមចំណែក ដល់ការបំពេញបេសកកម្មបណ្តុះ
បណ្តាលសមណនិស្សិត និស្សិត ឱ្យក្លាយជាមូលធនបញ្ញា ប្រកបដោយគុណភាព សមត្ថភាព ឧត្តមភាពសីល្បធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទាំងក្នុងក្របខណ្ឌជាតិអន្តរជាតិ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការពង្រឹងធនធានមនុស្សទាំងគុណភាព និងបរិមាណ ។
លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវពីសម័យកាលមួយទៅសម័យកាលមួយ យើងអាចសន្និដ្ឋានថា ប្រទេសជាតិមួយ ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន ។ កម្ពុជាជាប្រទេសដ៏ចំណាស់មួយមានវប្បធម៌សំបូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋាន ព្រះពុទ្ធសាសនា ជាពិសេស វប្បធម៌កត្តញ្ញូ មេត្តា ករុណា អហិង្សាជាគោលការណ៍សំខាន់ សម្រាប់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ ។
ក្នុងន័យនេះ សម្តេចបវរធិបតី ណែនាំឱ្យសមណនិស្សិត និងនិស្សិត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សា ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រទើបអាចអភិរក្ស និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស និងរីកចម្រើនទៅបាន ។
សម្តេចបវរធិបតីបានស្នើសមណនិស្សិត និងនិស្សិតត្រូវចាប់យកចំណេះជំនាញឲ្យបានច្បាស់លាស់ប្រសើរជារៀនជំនាញច្រើនមិនអាចធ្វើការងារមិនកើត ៕
ចែករំលែកព័តមាននេះ