ខេត្តបន្ទាយមានជ័យ ៖ បើតាមប្រភពព័ត៌មានគិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីសោកនាដកម្មអគ្គិភ័យឆាបឆេះកាស៊ីណូចំនួន២នៅក្រុងប៉ោយប៉ែត គឺមានអ្នកស្លា.ប់ចំនួន១៤នាក់ និងរងរបួសចំនួន៨២នាក់ហើយ នេះបើតាមប្រភពពីសមត្ថកិច្ចជំនាញនៅខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបន្តថា អ្នកស្លា.ប់ទាំង១៤នាក់ខាងលើនេះ មាន៣សញ្ជាតិ គឺជនជាតិចិនម្នាក់, ជនជាតិនេប៉ាល់ម្នាក់ និងជនជាតិថៃចំនួន១២នាក់ ហើយក្នុងចំណោមនេះ ក៏មានស្រី៧នាក់ជាជនជាតិថៃទាំងអស់ផងដែរ។ ចំណែកអ្នកដែលរងរបួសចំនួន៨២នាក់ មាន៣សញ្ជាតិ រួមមាន ៖ កម្ពុជា, ថៃ និងឥណ្តូនេស៊ី។ ប៉ុន្តែសមត្ថកិច្ចដដែលមិនបានប្រាប់អំពីចំនួនអ្នករបួសនៃជនជាតិនីមួយៗទេថា តើមានប៉ុន្មាននាក់នោះទេ?
ប្រភពដដែលបន្តថា ដ្បិតតែប្រភពព័ត៌មានខាងលើលើកឡើងបែបនេះ ប៉ុន្តែបើតាមគេហទំព័រ និងកាសែតថៃមួយ បានចេញផ្សាយដោយស្រង់សម្តីមន្ត្រីរបស់ថៃថា អាជ្ញាធរកម្ពុជា រាយការណ៍ថា បានប្រទះឃើញស.ពចំនួន២១នាក់សុទ្ធសឹងជាជនជាតិថៃ និង៨នាក់បានដឹកទៅតម្កល់នៅវត្តត្រាច ដើម្បីរង់ចាំទំនាក់ទំនងប្រគល់ជូនអាជ្ញាធរ និងសមត្ថកិច្ចថៃ ដឹកត្រឡប់ទៅប្រទេសវិញ។
ហើយចំពោះស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងទីតាំងកើតហេតុ នៅវេលាយប់ថ្ងៃទី២៩ ខែធ្នូនេះ ហាក់មានសភាពស្ងប់ស្ងាត់បន្តិច ព្រោះថា អគ្គិភ័យមិនកើតមានសន្ធោសន្ធៅដូចកាលពីវេលាយប់ថ្ងៃទី២៨ និងព្រឹកថ្ងៃ២៩ ខែធ្នូឡើយ។
ទោះជាបែបណា អាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងព្រំដែន និងយោធាបោះតង់នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងព្រោងព្រៀត ដើម្បីត្រៀមការពារក្រែងមានអគ្គិភ័យនៅបន្តឆាបឆេះ និងខ្លាចមានអ្នកឆ្លងកាត់ចំណុចកើតហេតុជួបហានិភ័យពីការបាក់អគារទីតាំងសងខាងផ្លូវ។
លុះនៅម៉ោងជិត៩យប់ថ្ងៃដដែលនេះ គេឃើញរថយន្តសាមុយរបស់ថៃបានចូលមកកម្ពុជាជាច្រើនគ្រឿង ខណៈតាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តថៃទាំងនេះមកដឹកសាកស.ពជនរងគ្រោះដែលជាជនជាតិថៃរបស់គេ ពីវត្តឃោស្ថារាម នៅក្រុងប៉ោយប៉ែត ដើម្បីដឹកយកទៅប្រទេសគេវិញ។
លុះពេលសាកសួរថា តើទ្វារព្រំដែននៃច្រកអន្តរជាតិប៉ោយប៉ែតនឹងបិទនៅម៉ោង១០យប់ដូចសព្វមួយដងឬយ៉ាងណា? លោក សេម មករា ប្រធានសេនាធិការនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កោះសន្តិភាពឱ្យដឹងថា សម្រាប់យប់ថ្ងៃទី២៩ ខែធ្នូនេះ ព្រំដែននឹងបើករហូតទល់ភ្លឺ ព្រោះដើម្បីងាយស្រួលសម្រួលការងារជាមួយអាជ្ញាធរ និងសមត្ថកិច្ចថៃ ប្រសិនបើមានអ្វីទំនាក់ទំនង ពោលគឺបើអគ្គិភ័យនៅបន្តឆាបឆេះជាដើម។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៩នេះ សមត្ថកិច្ចកម្ពុជាបាននាំសុនខ១ក្បាលដែលមានជំនាញទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបានពាក់ស្បែកជើងឲ្យសុនខនោះទៀតផង សង្ស័យដើម្បីរុករកជនរងគ្រោះដែលនៅក្នុងអគារកាស៊ីណូដែលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ។
គួររំលឹកថា ៖ សោកនាដកម្មឆាបឆេះកាស៊ីណូនៅប៉ោយប៉ែត ស្លា.ប់និងរបួសជាច្រើននាក់(វីដេអូ) ។
គួររំលឹកទៀតថា ៖ មុននេះ អណ្ដាតភ្លើងកំពុងឆាបឆេះអគារកាស៊ីណូប៉ោយប៉ែតរីសតយ៉ាងសន្ធោសន្ធៅ (វីដេអូ) ៕
ចែករំលែកព័តមាននេះ