ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីចេញមុខបដិសេធជាថ្មីម្ដងទៀតថាខ្លួនមិនបានផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់នៅក្នុងការធ្វើសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលទេ។ ទោះជាយ៉ាងណាក្ដី ប្រមុខការទូតរុស្ស៊ីទទួលស្គាល់ថាអ៊ីរ៉ង់ និងរុស្ស៊ីពិតជាមានកិច្ចព្រមព្រៀងសហការគ្នាខាងបច្ចេកវិទ្យាយោធាមែន។ ម៉្យាងទៀត រុស្ស៊ីបានផ្ដល់គ្រឿងបរិក្ខារយោធាទៅឱ្យអ៊ីរ៉ង់ជាហូរហែ។ ប៉ុន្តែលោកថាយើងមិនទទួលយកជាដាច់ខាតនូវការចោទថាយើងកំពុងផ្ដល់ព័ត៌មានសម្ងាត់ឱ្យអ៊ីរ៉ង់។

ពាក់ព័ន្ធនឹងមូលហេតុអ្វីបានជាអ៊ីរ៉ង់វាយប្រហារបានចំគោលដៅល្អម៉្លេះទៅលើមូលដ្ឋានយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា លោកឡាវរ៉ូស (Lavrov) ថ្លែងថារឿងនេះអ្នកណាក៏គេដឹងដែរ មូលដ្ឋានយោធាអាមេរិកនៅទីកន្លែងណាខ្លះនោះ។ នេះជាព័ត៌មានដែលគេដឹងឮជាសាធារណៈទៅហើយ។ ដូច្នេះ លោកគ្មានអ្វីត្រូវភ្ញាក់ផ្អើលទេដែលអ៊ីរ៉ង់វាយប្រហារទីតាំងទាំងនោះ។ ការថ្លែងរបស់ប្រមុខការទូតរុស្ស៊ីដូចខាងលើនេះកើតឡើងចំពេលដែលមានពាក្យចចាមអារ៉ាមថារុស្ស៊ីកំពុងចូលរួមយ៉ាងសកម្មនៅក្នុងសង្គ្រាមអ៊ីរ៉ង់។

លោកថ្លែងបន្តទៀតថារុស្ស៊ីបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់រួមទាំងកិច្ចសហការខាងបច្ចេកទេស និងយោធាផងដែរ។ លោកបាននិយាយការពារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយចាត់ទុកថាកម្មវិធីនេះមិនរំលោភកាតព្វកិច្ចជាអន្តរជាតិទេ។ លោកអះអាងថាគឺអាមេរិកទៅវិញទេដែលជាអ្នកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ឥឡូវនេះ គេបារម្ភកាន់តែខ្លាំងអំពីកិច្ចសហការយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី ។ ជាពិសេស ពួកអឺរ៉ុបកំពុងតាមដានបញ្ហានេះដោយយកចិត្តទុកដាក់។

ការថ្លែងរបស់រដ្ឋមន្ត្រីរុស្ស៊ីបន្ទាប់ពីលោកពូទីនចេញសេចក្ដីព្រមានធ្ងន់ៗថាផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់អាចនឹងមានសភាពធំធេងជាងជំងឺកូវីដ-១៩ទៅទៀត។ លោកពូទីនប្រមើលឃើញថាសង្គ្រាមដែលចូលរួមដោយអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នោះនឹងមានផលវិបាលដែលគេមិនអាចទស្សន៍ទាយដឹងបានឡើយ។ លោកថាគ្មាននរណាម្នាក់អាចទាយដឹងថានឹងមានផលវិបាកអ្វីកើតឡើងនាពេលខាងមុខទេ។ សូម្បីតែភាគីដែលប្រឡូកនៅក្នុងសង្គ្រាមនេះផ្ទាល់ក៏ទាយមិនដឹងដែរ៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ