ខេត្តកំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពិតជាបទល្មើសដ៏សាហាវបំផ្លាញទាំងសេចក្តីថ្លៃថ្នូរ សិទ្ធិមនុស្ស សន្តិសុខផ្លូវកាយ ផ្លូវចិត្ត និងរហូតដល់អាយុជីវិតរបស់មនុស្សក្មេង ចាស់ ប្រុស ស្រី តាមរយៈមធ្យោបាយផ្សេងៗ និងឈានទៅដល់ការបំផ្លាញដំណើរការអភិវឌ្ឍសង្គមជាតិ ។ ដូច្នេះ សូមគ្រប់ភាគីពាក់ព័ន្ធចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ នៅសាលសន្និសីទបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែមីនា ២០២៦ លោកជំទាវ មុយ វីរ័ត្ន អភិបាលរងខេត្តកំពត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបញ្ជាក់ថា ក្នុងចំណោមយុទ្ធសាស្ត្រទាំងបួន ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការជាតិ-ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ការបង្ការ និងទប់ស្កាត់ គឺជាអាទិភាពចម្បង ដែលអាចទប់ស្កាត់ និងលុបបំបាត់ប្រសិទ្ធភាពបទល្មើស មិនឱ្យកើតឡើង និងអាចការពារមនុស្សឱ្យចៀសផុតពីភាពរងគ្រោះបានទាន់ពេលវេលា ។
យុទ្ធសាស្ត្រនេះ ត្រូវការបង្កើននូវការយល់ដឹងរបស់មនុស្សគ្រប់មជ្ឈដ្ឋាន គ្រប់ស្ថានភាព និងទទួលស្គាល់ថា អំពើជួញដូរមនុស្ស គឺពិតជាបទល្មើសដ៏សាហាវ ដែលបំផ្លាញទាំងសេចក្តីថ្លៃថ្នូរ សិទ្ធមនុស្ស សន្តិសុខផ្លូវកាយ ផ្លូវចិត្ត និងរហូតដល់អាយុជីវិតរបស់មនុស្ស ក្មេង ចាស់ ប្រុស ស្រី តាមរយៈមធ្យោបាយផ្សេងៗ និងឈានទៅដល់ការបំផ្លាញដំណើរការអភិវឌ្ឍសង្គមជាតិ ។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងដើម្បីបញ្ជាក់ឡើងវិញការប្តេជ្ញា-ចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឱ្យបានសន្តិសុខ
សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិភាពយូរអង្វែង គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមប្រកាសយ៉ាងឧឡារិកថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិឱ្យនៅ ស្ថិតស្ថេរយូរអង្វែងតទៅ ! ដោយលុបបំបាត់ឱ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាការពារប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទាំងឡាយ ដែលបាននិងកំពុងស្នាក់នៅលើទឹកដីកម្ពុជាឱ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារ តាមគោលការណ៍ច្បាប់ ដោយឥតរើសអើង និងមិនបណ្តែតបណ្តោយឱ្យបទល្មើសរីកធំធាត់ ក្លាយជាឧបសគ្គដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិឡើយ ។

លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់លទ្ធផលការងារសម្រេចបាននាពេលកន្លងមក និងសូមស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការឲ្យសកម្មបន្ថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត ពិសេស ជំរុញការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ក្នុងការបង្ការបង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និងផ្តល់កិច្ចការពារឱ្យបានកាន់តែប្រសើរឡើង៕


ចែករំលែកព័តមាននេះ