ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​ការងារ និង​ប្រធាន​សហព័ន្ធ​សហជីព ជួបប្រចាំខែ ដើម្បីតាមដានឱ្យ​ជាប់​នូវ​បញ្ហា​ផ្សេង​ៗ​ នៅ​តាម​បណ្តា​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​គោលបំណង​ពង្រឹង​ភាព​ជា​ដៃគូ​ រវាង​ក្រសួង​ជាមួយ​តំណាង​បងប្អូន​កម្មករនិយោជិត និង​តាមដាន​ក្តាប់​ជាប់​នូវ​បញ្ហា​ផ្សេង​ៗ​ នៅ​តាម​បណ្តា​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ឯកឧត្ដម ងុ​យ…

រាជធានីភ្នំពេញ​ ៖ ក្នុង​គោលបំណង​ពង្រឹង​ភាព​ជា​ដៃគូ​ រវាង​ក្រសួង​ជាមួយ​តំណាង​បងប្អូន​កម្មករនិយោជិត និង​តាមដាន​ក្តាប់​ជាប់​នូវ​បញ្ហា​ផ្សេង​ៗ​ នៅ​តាម​បណ្តា​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ឯកឧត្ដម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​សហព័ន្ធ​សហជីព​ចំនួន ១៥២ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង​ ។

ជំនួប​នេះ​ផ្ដោត​សំខាន់​លើ​ការ​ពិភាក្សា​គ្នា​ពី​កា​រវិ​វត្ត​ថ្មី​ៗ​នៅ​ក្នុង​វិស័យ​ការងារ និង​ស្ថានភាព​ជា​រួម​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ ជា​ពិសេស​បញ្ហា​ប្រឈម និង​ការ​ស្វែងរក​ដំណោះស្រាយ ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ជូន​បងប្អូន​កម្មករនិយោជិត និង​និយោជក ។

ជាមួយ​គ្នា​នេះ ជំនួប​នេះ​ក៏​បាន​ចែករំលែក​នូវ​ព័ត៌មាន និង​គោលការណ៍​ថ្មី​ៗ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង ព្រមទាំង​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ពី​មូលដ្ឋាន ដើម្បី​ធានា​បាន​នូវ​សិទ្ធិ និង​អត្ថប្រយោជន៍​ស្របច្បាប់​ជូន​បងប្អូន​កម្មករនិយោជិត ព្រមទាំង​បង្កើន​ភាព​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋលេខាធិការ បាន​ថ្លែង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​មានការ​យោគយល់ និង​អត់ធ្មត់​ខ្ពស់​ចំពោះ​ស្ថានភាព​លំបាក​ដែល​បណ្តាល​មក​ពី​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ជាស​កល ជា​ពិសេស​ម្ចាស់​រថយន្ត​ដឹក​កម្មករនិយោជិត ម្ចាស់ផ្ទះ​ជួល និង​អ្នក​លក់ដូរ​ម្ហូបអាហារ​។ ជាមួយ​គ្នា​នេះ ឯកឧត្ដម​បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព បន្ត​សហការ​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង និង​មន្ទីរ​ការងារ​រាជធានី​-​ខេត្ត ដើម្បី​បង្កើន​ភាព​ជឿជាក់​លើ​យន្តការ​ដោះស្រាយ ដែល​មាន​វប្បធម៌​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ តាម​រយៈ​ការ​ក្តាប់​សញ្ញាណ​នៃ​បញ្ហា​នៅ​កន្លែង​ការងារ ហើយ​រាយការណ៍​រាល់​បាតុភាព ឬ​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើត​មាន​ឡើងជា​មុន ដើម្បី​ឱ្យ​ក្រសួង​អាច​ចាត់វិធានការ​អន្តរាគមន៍​ដោះស្រាយ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ​។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ជៀសវាង​ការ​តវ៉ា​ក្នុង​រូបភាព​ជា​បាតុកម្ម ឬ​កូដកម្ម ឈាន​ទៅ​ដល់​ការ​បិទផ្លូវ​សាធារណៈ ដែល​ជា​អំពើ​ល្មើសច្បាប់ ហើយ​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូទៅ ស្ថិរភាព​ការងារ និង​ផលប្រយោជន៍​រួម ​។

នា​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋលេខាធិការ បាន​ផ្តាំផ្ញើ​ឱ្យ​ប្រធាន​សហព័ន្ធ​សហជីព​ទាំងអស់​យកចិត្តទុកដាក់​ពង្រឹង​ទំនាក់ទំនង ជាមួយ​សហជីព​មូលដ្ឋាន ពង្រឹងសមត្ថភាព​យល់​ដឹង​ពី​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​នីតិវិធី​នានា ដើម្បី​ជា​ដៃគូ​ចរចា​ប្រកបដោយ​ន័យ​ស្ថាបនា​ជាមួយ​និយោជក​នៅ​កន្លែងធ្វើការ​ ។ បន្ថែម​ពី​នេះ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពាក់កណ្តាល​ខែមេសា​នេះ សូម​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​បងប្អូន​កម្មករនិយោជិត ដើម្បី​បាន​ឈប់​សម្រាក​ទៅ​លេង​ស្រុក​កំណើត និង​ត្រៀម​បង្ការ​នូវ​រាល់​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​ ។

ជា​ការ​ឆ្លើយ​តប ប្រធាន​សហព័ន្ធ​សហជីព​ទាំងអស់ បាន​សម្ដែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ដើម្បី​រួម​គ្នា​ដោះស្រាយ​រាល់​បញ្ហា ក្នុង​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ជូន​កម្មករនិយោជិត ​។ ទន្ទឹម​នឹង​នេះ តំណាង​សហជីព​ក៏​បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​រាជរដ្ឋាភិបាល ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​កម្មករនិយោជិត ជា​ពិសេស​ក្នុងអំឡុងពេល​វិបត្តិ​នានា ​។ ជាក់ស្តែង ថ្មី​ៗ​នេះ តាម​រយៈ​អន្តរាគមន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​សម្រេច​តម្រូវ​ឱ្យ​ភាគី​និយោជក បន្ថែម​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ចំនួន ២,៥០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ ជូន​កម្មករនិយោជិត​បន្ថែម​លើ​អត្ថប្រយោជន៍ ​ដែល​មាន​ស្រាប់ ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុងអំឡុងពេល​មាន​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល​នេះ ​។ បងប្អូន​សហជីព ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​លើ​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​គិតគូរ​ដោះស្រាយ​រាល់​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ​៕ អត្ថបទសហការ