ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ពលករទទួល​បានការ​ងារ ​នៅ​ក្នុង​រោងចក្រ ទទួល​​អត្ថប្រយោជន៍​ច្រើន ​ពី​កម្មវិធី​រៀន​ជំនាញ​ដេរ ៧​ថ្ងៃ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​លើក​ឡើង​ថា ពួក​គាត់​ទទួល​បាន​ទាំង​ជំនាញ រៀន​ចប់​មានការ​ងារ​ធ្វើ និង​ទទួល​បាន​លុយ​ក៏​ដូច​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត​អំឡុង​ពេល​កំពុង​រៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដេរ​រយៈពេល ​៧​ថ្ងៃ​ ។ អ្នកស្រី ចាន់…

រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​លើក​ឡើង​ថា ពួក​គាត់​ទទួល​បាន​ទាំង​ជំនាញ រៀន​ចប់​មានការ​ងារ​ធ្វើ និង​ទទួល​បាន​លុយ​ក៏​ដូច​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត​អំឡុង​ពេល​កំពុង​រៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដេរ​រយៈពេល ​៧​ថ្ងៃ​ ។

អ្នកស្រី ចាន់ សោភា អតីត​ពលករ​ដែល​ទទួល​បានការ​ងារ​ នៅ​ក្នុង​រោងចក្រ ធី អេស ស្ព័ត (​ខេ​ម​បូ​ឌា​) ឯ​.​ក នៅ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ថា អ្នកស្រី​ពិតជា​សប្បាយ​រីករាយ​ដែល​បាន​មក​ចូល​រៀន​ជំនាញ​ដេរ​នេះ ព្រោះ​អាច​ធ្វើការ​នៅ​ក្នុងស្រុក​ ដែល​មាន​ប្រាក់ខែ​សមរម្យ ដោយ​មិន​ចាំបាច់​ចំណាកស្រុក​តទៅ​ទៀត​ទេ ​។

អ្នកស្រី​បញ្ជាក់​ថា​៖«​អំឡុង​ធ្វើការ​នៅ​ស្រុក​ថៃ​ក៏​ធ្លាប់​ជួប​បញ្ហា​ដូច​ជា ត្រូវ​ថៅកែ​ខ្លះ​មិន​បើក​លុយ​ឱ្យ និង​ម្យ៉ាង​ក៏​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​នឹក​ផ្ទះ​ដោយសារ​ទៅ​ធ្វើការ​ឆ្ងាយ តែ​ឥឡូវនេះ ខ្ញុំ​មាន​ជំនាញ​ដេរ មាន​ប្រាក់ខែ​សមរម្យ ហើយ​បាន​នៅ​ជិត​ផ្ទះ​ទៀត និង​មិន​បារម្ភ​ពី​សុវត្ថិភាព​ទៀត​ទេ​»​។

ចំពោះ​អ្នកស្រី អ៊ូ ស្រី​ឡូ​ន អតីត​ពលករ​មក​ពី​ខេត្តសៀមរាប ហើយ​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ថា អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ អ្នកស្រី និង​ស្វាមី ធ្វើ​ជា​កម្មករ​ជូន​កញ្ចក់​តាម​អគារ​ពាណិជ្ជកម្ម ខុន​ដូរ និង​ផ្ទះ​វិឡា​នៅ​ទីក្រុង​បាំង​កក ដោយ​មិន​មាន​ជំនាញ​កាត់ដេរ​ទេ ​។

អ្នកស្រី​បន្ត​ថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់​ខ្មែរ​វិញ ខ្ញុំ​ទទួល​បានការ​យកចិត្តទុកដាក់​ណាស់ ហើយ​គេ​ឱ្យ​ខ្ញុំ​មក​រៀន​ដេរ​អត់​អស់​លុយ​ហើយ បែរជា​បាន​លុយ​ថែម​ទៀត ​។ ឥឡូវនេះ ខ្ញុំ​បាន​ទាំង​ជំនាញ​ដេរ​មួយ បាន​ទាំង​ប្រាក់ខែ ហើយ​បានការ​ងារ​នៅ​ក្នុងស្រុក​យើង​ទៀត​ ។ អីចឹង ខ្ញុំ​លែង​បារម្ភ​អ្វី​ច្រើន​ហើយ ខ្ញុំ​ពីរ​នាក់​ប្ដី គឺ​ខំប្រឹង​សន្សំ​លុយ ដើម្បី​ជីវភាព​គ្រួសារ​ខ្ញុំ​» ​។

អតីត​ពលករ​រូប​នេះ​បាន​អំពាវនាវ​ដល់​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​រៀន​ជំនាញ​ដេរ អាច​ទាក់ទង​តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន ព្រោះ​ការងារ​នៅ​ក្នុងស្រុក ក៏​មាន​ច្រើន​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ឆ្ងាយ​ទៀត​ទេ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដេរ​រយៈពេល​៧​ថ្ងៃ មាន​គោលបំណង​សំខាន់​សម្រាប់​ផ្ដល់​ជំនាញ​ដេរ​ដល់​យុវជន ពិសេស​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​មាន​បំណង​ចង់​ចូល​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ ប៉ុន្ដែ​គ្មា​បទ​ពិសោធ ​។

លោក​បន្ត​ថា​៖ «​ក្នុងអំឡុងពេល​រៀន​ក្នុង​វគ្គ​នេះ គឺ​សិក្ខាកាម​ទាំងអស់​អាច​បាន​ទាំង​ជំនាញ រៀន​ចប់​មានការ​ងារ​ធ្វើ​ភ្លាម​ៗ និង​ទទួល​បាន​លុយ ក៏​ដូច​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ជួយ​សម្រួលការ​លំបាក​ក្នុងអំឡុងពេល​រៀន​ជំនាញ​» ​។

សូម​ជម្រាប​ថា វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដេរ​នេះ រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង​NEA នៃ​ក្រសួង​ការងារ សហការ​ជាមួយ​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល ដោយ​ទទួល​បានការ​គាំទ្រ​ពី​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​(SDF) ​។

យុវជន អ្នក​ស្វែងរក​ការងារ និង​ជា​ពិសេស​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​បំណង​ចង់​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ទទួល​បានការ​ងារ អាច​ទាក់ទង NEA តាម​រយៈ​លេខ ០៧៦ ៨៦៣ ៣៤ ៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤ ៣៦/ ០៧១ ៤៨៨ ៨៩ ០៥ ៕ អត្ថបទសហការ