ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​-​បារាំង ចុះ​កិច្ចព្រមព្រៀង​យោធា ចំ​ពេល​មាន​ភាព​តានតឹង​សមុទ្រ​ចិន​ខាងត្បូង

3 ម៉ោង មុន

អន្តរជាតិ ៖ ប្រទេស​ហ្វី​លី​ពី​ន និង​បារាំង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ដ៏​សំខាន់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ហ្វឹកហ្វឺន​យោធា​រួម​គ្នា​នៅ​ក្នុង​ទឹកដី​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក ខណៈ​ទីក្រុង​ម៉ានីល​កំពុង​ពង្រីក​ទំនាក់ទំនង​ការពារ​ជាតិ ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​តាម​ប្រភព​ពី…

អន្តរជាតិ ៖ ប្រទេស​ហ្វី​លី​ពី​ន និង​បារាំង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ដ៏​សំខាន់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ហ្វឹកហ្វឺន​យោធា​រួម​គ្នា​នៅ​ក្នុង​ទឹកដី​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក ខណៈ​ទីក្រុង​ម៉ានីល​កំពុង​ពង្រីក​ទំនាក់ទំនង​ការពារ​ជាតិ ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​តាម​ប្រភព​ពី Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦​។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វី​លី​ពី​ន លោក Gilberto Teodoro និង​រដ្ឋមន្ត្រីក្រសួង​កងកម្លាំងប្រដាប់អាវុធ​បារាំង លោកស្រី Catherine Vautrin បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ អំឡុង​ពេល​កិច្ចប្រជុំ​មួយ​នៅ​ទី​ក្រុងប៉ារីស ជា​កន្លែង​ដែល​មន្ត្រីជាន់ខ្ពស់​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ប្រឈម​សន្តិសុខ​ក្នុង​តំបន់ និង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​។

ក្រសួងការពារជាតិ​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កិច្ចព្រមព្រៀង​នេះ នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​យ៉ាង​ខ្លាំង ក៏​ដូច​ជា​ផ្តល់​នូវ​កម្រិត​នៃ​ការ​ការពារ​ផ្នែក​ច្បាប់​គ្រប់គ្រាន់​ដល់​សកម្មភាព​រួម​គ្នា​រវាង​កងកម្លាំងប្រដាប់អាវុធ​ហ្វី​លី​ពី​ន និង​កងកម្លាំងប្រដាប់អាវុធ​បារាំង​។

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ដ៏​សំខាន់​កាលពី​ពេល​ថ្មី​ៗ​នេះ កើតឡើង​១​ថ្ងៃ បន្ទាប់​ពី​យោធា​ហ្វី​លី​ពី​ន​បាន​អះអាង​ថា នាវាចម្បាំង​មី​ស៊ី​ល​ចិន​១​គ្រឿង​បាន​ធ្វើ​សមយុទ្ធ​គ្មាន​សុវត្ថិភាព និង​គ្មាន​វិជ្ជាជីវៈ ប្រឆាំង​នឹង​នាវា​កងទ័ពជើងទឹក​ហ្វី​លី​ពី​ន​ដែល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​សមុទ្រ​នៅ​ជិត​កោះ Thitu ដែល​ជា​ប៉ុស្តិ៍​ដ៏​សំខាន់​មួយ​របស់​ហ្វី​លី​ពី​ន​នៅ​ក្នុង​សមុទ្រ​ដែល​កំពុង​មាន​ជម្លោះ​។

គួរ​បញ្ជាក់​ថា ក្រៅពី​ប្រទេស​បារាំង ប្រទេស​ហ្វី​លី​ពី​ន​ក៏​មាន​កិច្ចព្រមព្រៀង​យោធា​ជាមួយនឹង​សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និង​នូ​វែ​ល​សេ​ឡង់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ