ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បន្ត​ការពារ​បូ​រណភាព​ទឹកដី និង​ប្រជាជន​ជា​អាទិភាព​ខ្ពស់​បំផុត

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​នៅ​តែ​គិត​ពី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​អ្នក​នាំ…

រាជធានី​ភ្នំពេញ​ ៖​ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​នៅ​តែ​គិត​ពី​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦​អ្នក​នាំ ពាក្យ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ចូល​មក​ដល់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចេញ​សារ​មួយ​តាម​ហ្វេ​ស​ប៊ុ​កដោយ​រម្លឹក​ថា ចាប់តាំងពី​បទ​ឈប់​បាញ់​នៅ​ខែធ្នូ ឆ្នាំ​២០២៥ រហូត មក​ដល់​ពេល​នេះ ទាំង​ភាគី​កម្ពុជា​និង​ភាគី​ថៃ បាន​ប្រកាន់​ជំហរ​គោរព​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

ឯកឧត្តម​ថា​ក្នុង​ន័យ​នេះ កម្ពុជា​សង្ឃឹម ថា ភាគី​ថៃ​នឹង​បន្ត​គោរព​តាម​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​រួម ជា​ពិសេស​ត្រង់​ចំណុច​ទី​៣​ដែល​ចែង​ថា​៖ «​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា រាល់​ការ​ព្រមព្រៀង​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា​ព្រំដែន និង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន ឱ្យ​បាន​ឆាប់រហ័ស​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន​។

អ្នកនាំពាក្យ​ថា ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា នឹង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​ក្រុមការងារ​វាស់វែង​ចម្រុះ​នៅ​លើ​ទីតាំង​ជាក់ស្តែង ដោយ​រាប់​បញ្ចូល​ទាំង​សុវត្ថិភាព​ពី​ជាន់​មីន​។ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នៅ​តំបន់​រង​ផល​ប៉ះពាល់​ដែល​មាន​ជន​ស៊ី​វិល​រស់នៅ​»​។

សម្តេច​ធិ​បតី​បន្ត​ថា កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​ទាំង​ពីរ​អាច​ចាប់ផ្តើម​អនុវត្ត​ការងារ​វាស់វែង​ឱ្យ​បាន​ឆាប់រហ័ស​តាម​ស្មារតី​ដែល​បាន​ឯកភាព​គ្នា ក្នុង​សេចក្តី​ប្រកាស​រួម (​ចំណុច​ទី​៣)​នេះ ប្រកបដោយ​ភាព​ស្មោះត្រង់ ដើម្បី​ឈាន​ទៅ​រក​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិវិធី ដែល​ជា​មូលដ្ឋាន​សម្រាប់​កសាង​សន្តិភាព​យូរអង្វែង និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ អាច​រស់នៅ​ដោយ​សេចក្តីសុខ​។

នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​មួយ​ថ្ងៃ រាជរ​ដ្ឋា​ភិ បាល​កម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រកាស​តវ៉ា​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​កាន់កាប់​ដោយ​ខុសច្បាប់ និង​ដោយ​ប្រើ​កងកម្លាំងប្រដាប់អាវុធ​របស់​ថៃ​មក​លើ​តំបន់​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា រួម​មាន ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី ប្រាសាទខ្នារ និង​តំបន់​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​។ ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ជា​សាធារណៈ និង​សកម្មភាព​ផ្សេង​ៗ​នៅ​តំបន់​ទាំងនោះ ក៏​បាន​បង្ហាញ​ពី​ការ​ប្រើប្រាស់​អំណាច និង​ការ​គ្រប់គ្រង​ដោយ​ខុសច្បាប់​លើ​ដែនដី​កម្ពុជា​ដែរ​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី ក៏​បាន​ប្រកាស​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​ថៃ​ជា​បន្តបន្ទាប់​ដែល​ថា «​កម្ពុជា​ស្នើ​ឱ្យ​បើក​ច្រក​ដឹក​ជញ្ជូន​ទំនិញ​សង្គ្រោះ​បន្ទាន់​» ដែល​ជា​ព័ត៌មាន​ក្លែងក្លាយ និង​ផ្ទុយ​ពី​ការ​ពិត​ក្នុង​ចេតនា​បង្ក​ការ​បំភ័ន្ត​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ