ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥០​ថ្ងៃ​នៃ​សង្គ្រាម​មជ្ឈិមបូព៌ា​! ពិភពលោក​ខាតបង់​ប្រមាណ​៥០​ពាន់​លាន​ដុល្លារ​ទៅ​លើ​ប្រេង

3 ម៉ោង មុន

អន្តរជាតិ ៖ យោង​តាម​អ្នកវិភាគ និង​ការ​គណនា​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​ចេញផ្សាយ​កាល​ពិ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល…

អន្តរជាតិ ៖ យោង​តាម​អ្នកវិភាគ និង​ការ​គណនា​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​ចេញផ្សាយ​កាល​ពិ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល ៥០ ថ្ងៃ​នៃ​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ជាមួយនឹង​អ៊ី​រ៉​ង់ ឬ​អាច​ហៅ​បាន​ថា សង្គ្រាម​តំបន់​មជ្ឈិមបូព៌ា​នោះ ពិភពលោក​បាន​ខាតបង់​ប្រាក់​ជាង​៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​ប្រេង​ឆៅ​ដែល​មិន​ត្រូវ​បាន​ផលិត ហើយ​ផលវិបាក​នៃ​វិបត្តិ​នេះ អាច​នឹង​ឃើញ​នៅ​រយៈពេល​ជា​ច្រើន​ខែ និង​សូ​ម្បី​តែ​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត​។

យោង​តាម​ទិន្នន័យ​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រេង​សកល Kpler បាន​បង្ហាញ​ថា ចាប់តាំងពី​ជម្លោះ​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ​មក ប្រេង​ឆៅ និង​ឧស្ម័ន​រាវ (Condensate) ជាង ៥០០ លាន​បារ៉ែល​បាន​បាត់​វត្តមាន​ពី​ទីផ្សារ​ពិភពលោក ដែល​នេះ​ជា​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​។ បើ​តាម​ការ​ប៉ាន់ស្មាន​របស់ Reuters អាច​ប្រៀបធៀប​ថា ប្រេង​ឆៅ ៥០០ លាន​បារ៉ែល​ដែល​បាន​បាត់បង់ ស្មើនឹង​កាត់​បន្ថយ​តម្រូវការ​អាកាសចរណ៍​នៅ​ទូ​ទាំង​ពិភពលោក​រយៈពេល​១០​ស​ប្តា​ហ៍ គ្មាន​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដោយ​យានយន្ត​នៅ​ទូ​ទាំង​ពិភពលោក​រយៈពេល​១១​ថ្ងៃ ឬ​គ្មាន​ប្រេង​ផ្គត់ផ្គង់​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​រយៈពេល​៥​ថ្ងៃ​។

បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​អា​រ៉ាប់​បាន​បាត់បង់​ផលិតកម្ម​ប្រេង​ឆៅ​ប្រហែល ៨ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​សម្រាប់​ខែមីនា​។ ទិន្នន័យ Kpler បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​យន្តហោះ​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កា​តា អេ​មី​រ៉ាត​អា​រ៉ាប់​រួម គុយ​វ៉ែត បា​រ៉ែ​ន និង​អូ​ម៉​ង់ បាន​ធ្លាក់​ចុះ​ពី​ប្រហែល ១៩,៦ លាន​បារ៉ែល​ក្នុង​ខែកុម្ភៈ មក​ត្រឹម ៤,១ លាន​បារ៉ែល សម្រាប់​ខែមីនា និង​ខែមេសា​រួម​បញ្ចូល​គ្នា​។ លោក Johannes Rauball អ្នកវិភាគ​ជាន់ខ្ពស់​នៅ Kpler បាន​លើក​ឡើង​ថា ដោយសារ​តម្លៃ​ប្រេង​ឆៅ​ជា​មធ្យម​ប្រហែល​១០០​ដុល្លារ​ក្នុង​១​បារ៉ែល ចាប់តាំងពី​ជម្លោះ​បាន​ចាប់ផ្តើម ដូច្នេះ​បរិមាណ​ដែល​បាត់បង់​ទាំងនោះ តំណាង​ឱ្យប្រាក់​ចំណូល​ដែល​បាត់បង់​ប្រហែល ៥០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​ស្តារ​ឡើង​វិញ​ពេញលេញ​អាច​នឹង​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ បើ​ទោះបីជា​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បើក​ឡើង​វិញ​យ៉ាងណា​ក៏​ដោយ ខណៈ​ដែល​បច្ចុប្ប្បន្ន បញ្ហា​ច្រក​ដឹក​ជញ្ជូន​ប្រេង​ដ៏​សំខាន់​មួយ​នេះ នៅ​តែ​ជា​ការ​ប្រទាញប្រទង់​យ៉ាង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​។ ជាមួយ​គ្នា​នោះ​ដែរ ការ​ងើបឡើង​វិញ​នៃ​ផលិតកម្ម​ប្រេង និង​លំហូរ​ដឹក​ជញ្ជូន​ត្រូវ​បាន​រំពឹង​ថា​នឹង​ដំណើរការ​យឺត​ផង​ដែរ​។
ទិន្នន័យ​ពី Kpler បាន​បន្ថែម​ថា ស្តុក​ប្រេង​ឆៅ​សកល​នៅ​លើគោក​បាន​ធ្លាក់​ចុះ​ប្រហែល ៤៥ លាន​បារ៉ែល​ក្នុង​ខែមេសា​។ ចាប់តាំងពី​ចុងខែ​មីនា​មក ការ​កាត់​ដាច់​ផលិតកម្ម​បាន​ឈាន​ដល់​ប្រហែល ១២ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​។

លោក Rauball បាន​បន្ថែម​ថា ទីតាំង​ប្រេង​ឆៅ​ធំ​ៗ​នៅ​គុយ​វ៉ែត និង​អ៊ី​រ៉ា​ក់ អាច​ចំណាយពេល​ពី ៤ ទៅ ៥ ខែ​ដើម្បី​វិល​ទៅ​រក​កម្រិត​ប្រតិបត្តិការ​ធម្មតា​វិញ ដែល​អូស​បន្លាយពេល​ការ​ទាញ​យក​ស្តុក​ប្រេង​ពេញ​១​រដូវក្តៅ​។ រីឯ​ការ​ខូចខាត​ដល់​សមត្ថភាព​ចម្រាញ់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) នៅ​ទីក្រុង​ឧស្សាហកម្ម Ras Laffan របស់​ប្រទេស​កា​តា មាន​ន័យ​ថា ការ​ស្តារ​ឡើង​វិញ​ពេញលេញ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ក្នុង​តំបន់​នោះ អាច​ចំណាយពេល​ច្រើន​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ