ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អមដោយព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងអធិកអធម
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ស្ថិតក្នុងបរិយាកាសរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ២ម៉ឺននាក់ មកកម្សាន្តនៅតាមរមណីយដ្ឋាននានា និងចូលរួមក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តសែនមនោរម្យ» ដែលរៀបចំឡើងយ៉ាងពិសេស ដើម្បីអបអរសាទរឆ្នាំថ្មី និងបង្ហាញពីសាមគ្គីភាពរវាងជនជាតិខ្មែរ និងបងប្អូនជនជាតិដើមភាគតិច។
អ្វីដែលជាចំណុចលេចធ្លោបំផុតនៃសង្ក្រាន្តឆ្នាំនេះ គឺការរៀបចំដង្ហែក្បួនព្យុហយាត្រា និងរថយន្តបុស្បុកតំណាងរូបសេះ និងទេវតាឆ្នាំថ្មី ដែលមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។
លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រោមការណែនាំពីឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រឹត្តិការណ៍ឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយមានក្បួនព្យុហយាត្រាចំនួន ២០ផែន។
ក្បួនដង្ហែនេះរួមមានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។បងប្អូនជនជាតិដើមភាគតិច ដែលគ្រងសម្លៀកបំពាក់ប្រពៃណីតាមអត្តសញ្ញាណរៀងៗខ្លួន។យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ក្រុង/ស្រុក។
ការដង្ហែនេះធ្វើឡើងចាប់ពីវិមានឯករាជ្យ រហូតដល់សួនដំរីដែក ដើម្បីជានិមិត្តរូបនៃការសាមគ្គីភាព និងជាការសម្តែងនូវកតញ្ញូតាធម៌ចំពោះវីរកងទ័ព និងនគរបាលជាតិ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងអង់អាចក្លាហាន។
លោកអភិបាលរងបន្តងថា ក្រៅពីក្បួនដង្ហែ រដ្ឋបាលខេត្តក៏បានរៀបចំនូវសកម្មភាពវប្បធម៌ និងការកម្សាន្តជាច្រើនដូចជាសិល្បៈប្រពៃណី ការសម្តែងរបាំត្រុឌ របាំជូនពរ និងរបាំប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច។ការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងការរាំលេងកម្សាន្តតាមបែបប្រពៃណី។ការតាំងបង្ហាញផលិតផលក្នុងស្រុក និងការចែកជូនកាហ្វេមណ្ឌលគិរីដោយឥតគិតថ្លៃចំនួន ៣,០០០កែវ ដល់អ្នកចូលរួម។
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្នុងរយៈពេល ៣ថ្ងៃ (ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦) ចំនួនភ្ញៀវទេសចរសរុបមានសរុប៖ ២៣,២៥៣ នាក់ ។ទេសចរជាតិ២២,៤១៤ នាក់ (ថយចុះ ៧.០៦% ធៀបនឹងឆ្នាំ២០២៥)។ទេសចរបរទេស៨៣៩ នាក់ (កើនឡើង ៥.៦៦%ធៀបនឹងឆ្នាំ២០២៥)។
ទោះបីជាចំនួនភ្ញៀវទេសចរជាតិមានការថយចុះបន្តិចបន្តួច (ប្រមាណ ៦.៦៥% ជាសរុប) ប៉ុន្តែចំនួនភ្ញៀវអន្តរជាតិបានបង្ហាញពីសញ្ញាវិជ្ជមានដោយមានការកើនឡើង។ អ្វីដែលសំខាន់បំផុតនោះគឺ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រូវបានរក្សាបានយ៉ាងល្អប្រសើរ បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាព៕




















ចែករំលែកព័តមាននេះ