សហរដ្ឋអាមេរិក បន្តអនុញ្ញាតឱ្យប្រទេសនានាទិញប្រេងពីរុស្ស៊ី បាន១ខែទៀត
សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump ) កាលពីថ្ងៃទី១៧ ខែមេសា…
សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump ) កាលពីថ្ងៃទី១៧ ខែមេសា…
សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump ) កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានបន្តលើកលែងរយៈពេល១ខែទៀត ដើម្បីអនុញ្ញាតឱ្យប្រទេសនានាទិញប្រេងពីរុស្ស៊ី នៅចំពោះមុខនៃការឡើងថ្លៃថាមពលសកល។ នេះបើយោងតាមប្រភពពី Reuters បានចេញផ្សាយ។
ការបន្តលើកលែងនេះ នឹងអនុញ្ញាតឱ្យប្រទេសនានាទិញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីដែលផ្ទុកនៅលើបណ្តាកប៉ាល់ គិតចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បន្ថែមពីលើការលើកលែងរយៈពេល៣០ថ្ងៃ ដែលអស់សពុលភាព នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ដោយមិនរាប់បញ្ចូលប្រតិបត្តិការពាក់ព័ន្ធនឹងអ៊ីរ៉ង់ គុយបា និងកូរ៉េខាងជើងនោះទេ។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់តម្លៃថាមពលសកលដែលបានឡើងខ្ពស់ អំឡុងពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ ដោយបានឃើញប្រទេសនានានៅអាស៊ីទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដែលបានដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោនឱ្យអនុញ្ញាតឱ្យការផ្គត់ផ្គង់ប្រេងជំនួសដល់ទីផ្សារ។
សង្គ្រាមនៅមជ្ឈិមបូព៌ាដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈរហូតមកទល់ពេលនេះ បានឃើញការបំផ្លាញរោងចក្រប្រេង និងឧស្ម័នជាង ៨០ កន្លែងនៅក្នុងតំបន់ ខណៈការបិទច្រកសមុទ្រហ័រមូស (Hormuz) នៅតែជាផលប៉ះពាល់ធ្ងន់ធ្ងរលើការដឹកជញ្ជូនប្រេង។
ទោះយ៉ាងណាក៏ដោយ បណ្តាអ្នកតាក់តែងច្បាប់ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅអាមេរិក បានរិះគន់រដ្ឋបាលរបស់លោក ត្រាំ ជុំវិញការលើកលែងទណ្ឌកម្មលើរុស្ស៊ី។
មិនតែប៉ុណ្ណោះ ការលើកលែងនេះ អាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចក្នុងការបិទខ្ទប់ប្រាក់ចំណូលរុស្ស៊ី ដើម្បីយកទៅផ្គត់ផ្គង់ដល់សង្គ្រាមរបស់ខ្លួននៅប្រទេសអ៊ុយក្រែន និងធ្វើឱ្យអាមរិកមានជម្លោះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ឥឡូវនេះមិនមែនជាពេលបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះទេ៕


ចែករំលែកព័តមាននេះ