ខេត្តបាត់ដំបង ៖ គិតត្រឹមថ្ងៃទី២៥ ឧសភា នេះ អំពើ «ឃាតកម្ម» ដ៏ឃោរឃៅដែលបង្កឡើងដោយជនមិនស្គាល់មុខ បានកើតឡើងរយៈពេល០៤ថ្ងៃកន្លងមកហើយ ប៉ុន្តែសមត្ថកិច្ចហាក់ពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ មកទល់នឹងពេលនេះ ។ នេះបើតាមមន្ត្រីជំនាញបាននិយាយ ។

លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌដែលបានដឹកនាំកម្លាំងជំនាញ ចុះស៊ើបអង្កេតផ្ទាល់លើករណី«ឃាតកម្ម»នេះបានប្រាប់កោះសន្តិភាពថា កម្លាំងជំនាញ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការចុះស៊ើបអង្កេតលើសំណុំរឿង«ឃាតកម្ម» កំបាំងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ បើទោះជាមានសញ្ញាខ្លះគួរឲ្យមានមន្ទិលក្ដី ក៏យើងមិនតាន់ចាត់ទុកជាផ្លូវការដែរ ។
បុរសម្នាក់ឈ្មោះ សុង ខ្លា ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានឃាតករ មិនស្គាល់មុខកាប់សម្លាប់យ៉ាងសាហាវឃោរឃៅ ហើយត្រូវបានគេប្រទះឃើញសាកសពគាត់ដេកស្លាប់ជាមួយនឹងស្នាមរបួសស្ទើរសុះសាច់នៅក្បែររោងចាំចម្ការ នៅម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២២ ឧសភា ស្ថិតក្នុងភូមិតាំងយូ ឃុំដូរដា ស្រុកកំរៀង ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវគេសម្លាប់ នៅពេលដែលគាត់ដេកយាមចម្ការឆ្ងាយដាច់ស្រយាលមួយកន្លែងឱ្យបងស្រីបង្កើតរបស់គាត់ ឈ្មោះ សុង កែវ អាយុ៤៥ឆ្នាំ ។
សាកសពជនរងគ្រោះមានស្នាមរបួសស្ទើរគ្រប់កន្លែងនៅលើដងខ្លួន ក្បាល ដៃ ជើង ជាពិសេស ត្រង់.ក និងលើស្មា ។ នេះបើតាមសមត្ថកិច្ចនិយាយ ។ រហូតមកទល់នឹងពេលនេះ កោះសន្តិភាពមិនទាន់ទទួលបានព័ត៌មានខ្លះៗពីក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះ ។
ប៉ុន្តែយោងតាមព័ត៌មាននានា ដែលកោះសន្តិភាពទទួលបានមកដល់ពេលនេះ គេបាននិយាយថា ជនរងគ្រោះអាចមានជាប់ពាក់ព័ន្ធនឹងមនុស្សមួយក្រុមផ្សេងទៀតដែលជំពាក់វាក់វិននិងមុខរបរ «ទុច្ចរិត» ដែលគេសង្ស័យថា អាចពាក់ព័ន្ធនឹងបទល្មើស«គ្រឿងញៀន» ។ ព្រោះកន្លងមក គេធ្លាប់ប្រទះឃើញជនរងគ្រោះ និងមនុស្សមួយក្រុមនោះ តែងណាត់ជួបគ្នាស្ងាត់ៗ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ពួកគេហាក់មានជម្លោះនឹងគ្នាយ៉ាងក្ដៅគគុក ។
ដូច្នេះ ការស្លាប់របស់ជនរងគ្រោះ ទំនងអាចជាប់ពាក់ព័ន្ធនឹងមុខជំនួញ«ទុចុ្ចរិត»នេះផង ក៏អាចថាបាន ។ ត្រូវឃាតករកាប់សម្លាប់នៅក្បែររោងចាំចម្ការ ដែលគេសង្ស័យថា អាចវាយតបតគ្នាទៀតផង ។ នេះបើពិនិត្យកន្លែងកើតហេតុ តែគេមិនអាចដឹងថា តើភាគីម្ខាងទៀតយមានបក្ខពួកប៉ុន្មាននាក់នោះទេ0x017d7 ជុំវិញអំពើ «ឃាតកម្ម» លើអ្នកចាំចម្ការខាងលើនេះ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែរ បាននិយាយថា អំពើ«ឃាតកម្ម»នេះអាចកើតឡផើងនៅពេលយប់ ហើយព្រឹកឡើងទើបគេប្រទះឃើញសាកសពជនរងគ្រោះ។
ដោយយោងលើស្លាកស្នាមនៅកន្លែងសាកសពជនរងគ្រោះនិងឃាតក ដែលគេសង្ស័យអាចមានលើសពី០២នាក់ ដំបូងអាចប្រតាយប្រតប់គ្នានៅក្នុងរោង ដែលជនរងគ្រោះកំពុងដេក ។ ហើយក្រុមជនដៃដល់អាចដេញកាប់ជនរងគ្រោះ រត់ចេញក្រៅរោងរហូតជនរងគ្រោះដេកដួលស្លាប់លើវាលស្មៅតែម្ដង ។
យ៉ាងណាក្ដី បើតាមលោក ឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ ដែលកំពុងដឹកនាំកម្លាំងជំនាញចុះស៊ើបអង្កេតលើករណីនេះ បានបញ្ជាក់ថា ពិតមែនតែយើងពុំទាន់មានតម្រុយជាក់លាក់ពីមុខសញ្ញាជនដៃដល់ ប៉ុន្តែយើងបាននិងកំពុងតាមដានមុខព្រូញមួយចំនួនដែលមន្ត្រីជំនាញយើងកំពុងមានមន្ទិលសង្ស័យ ៕
ចែករំលែកព័តមាននេះ