រាជធានីភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បាននិងកំពុងចាប់ដៃគ្នាយ៉ាងសកម្មក្នុងការប្រែក្លាយវិស័យទេសចរណ៍ ឱ្យទៅជាស្ពានសេដ្ឋកិច្ច និងការទូតដ៏រឹងមាំ ក្នុងគោលដៅរួមគ្នាស្រូបទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ ឈរលើស្មារតីជោគជ័យរួមគ្នានេះ ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ២០២៦» ត្រូវបានប្រារព្ធឡើងនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអនម៉ល១ ស្របពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួប ៦៩ឆ្នាំ នៃចំណងការទូតដ៏រឹងមាំ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញនូវចក្ខុវិស័យនិងវិធីសាស្ត្រក្នុងការវាយលុកទីផ្សារតាមរយៈការផ្សព្វផ្សាយយ៉ាងសកម្មនូវយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង»។ ឯកឧត្តមបានរំលេចនូវយុទ្ធសាស្ត្រគន្លឹះ “6 Musts” រួមមាន Must See, Must Stay, Must Taste, Must Visit, Must Try និង Must Buy ដែលជារូបមន្តមាសក្នុងការផ្តល់បទពិសោធទេសចរណ៍ប្លែកភ្នែក ស្រស់បំព្រង និងបរិយាកាសត្រជាក់ចិត្ត ជូនដល់ភ្ញៀវអន្តរជាតិ ក៏ដូចជាធុរជនដែលកំពុងស្វែងរកកាលានុវត្តភាពវិនិយោគ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ វិស័យទេសចរណ៍ និងការវិនិយោគ គឺជាសសរស្តម្ភសេដ្ឋកិច្ចដែលមិនអាចកាត់ផ្តាច់បានឡើយពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី ហួត ហាក់ ឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ៥,៤ លាននាក់ និងជាង ១,៥ លាននាក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដែលបង្ហាញពីសញ្ញាស្តារឡើងវិញ បន្ទាប់ពីវិបត្តិជាសកល។
ទន្ទឹមនឹងនេះ ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍របស់ភាគីកម្ពុជា ក្នុងការបំពេញសក្តានុពលឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមទូតបានគូសបញ្ជាក់ថាព្រឹត្តិការណ៍ពិព័រណ៍រួមគ្នានេះមិនត្រឹមតែជាវេទិកាបង្ហាញផលិតផលនោះទេ ប៉ុន្តែវាគឺជាឱកាសដ៏វិសេសវិសាលក្នុងការផ្លាស់ប្តូរ និងចែករំលែកនូវតម្លៃពហុវប្បធម៌ ទំនៀមទម្លាប់ និងម្ហូបអាហារដ៏សម្បូរបែបទៅវិញទៅមក។
ឯកអគ្គរាជទូតម៉ាឡេស៊ី បានគូសបញ្ជាក់ថា កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែឈានដល់កម្រិតស៊ីជម្រៅមួយកម្រិតទៀត ព្រមទាំងធានាបាននូវការផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕
ចែករំលែកព័តមាននេះ