ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ខូចខាតផ្ទះជាង៣០ ខ្នង របួ.សធ្ងន់ស្រាលជិត១០នាក់ នៅស្រុកកំពង់លែង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី ៦នាក់បានរងរបួសធ្ងន់ស្រាល និងផ្ទះ ៣៤ ខ្នង បានរងការខូចខាតនិងខ្លះខូចខាតទាំងស្រុងក្នុងហេតុការណ៍ ភ្លៀងមួយមេលាយខ្យល់កន្ត្រាក់ បានកើតឡើងនៅវេលាម៉ោង ០០និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិចំនួន ២ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ។
លោក ប៉ាត់ គន មេឃុំផ្លូវទូក ស្រុកកំពង់លែងបានបញ្ជាក់ថា នៅវេលារំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី ១៩ខែមេសា មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឱ្យផ្ទះជាច្រើនខ្នងបានរងការខូចខាតនិងខ្លះរលំទាំងស្រុងរួមទាំងមនុស្ស៦នាក់ (ស្រី៣នាក់)បានរងរបួសធ្ងន់ស្រាល ដោយក្នុងនោះ ស្ត្រីម្នាក់បានរងរបួសជាទម្ងន់។ ចំណែកផ្ទះ៣៤ខ្នងក្នុងភូមិចំនួ២បានរងការខូចខាត ក្នុងនោះ នៅភូមិពាមខ្នង រលំខូចខាតទាំងស្រុងចំនួន ៦ខ្នង របើកដំបូលទាំងស្រុង ៥ខ្នង របើកដំបូលស័ង្កសី ខ្លះៗ ៦ខ្នង បាក់ជើងធ្លាក់ដល់ដី២ខ្នង សរុបចំនួន២១ ខ្នង ។ចំណែកនៅភូមិថ្នល់ឈើទាល រលំទាំងស្រុង២ខ្នង របើកដំបូលទាំងស្រុង៣ខ្នង របើកស័ង្កសី៨ខ្នង សរុប ១៣ ខ្នង។សរុបទាំង២ភូមិខូចខាតផ្ទះអស់៣៤ខ្នង ។
លោកមេឃុំ ផ្លូវទូក បានបន្តថា ចំពោះអ្នករងរបួសបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពងលែង់ ចំណែកអ្នករងរបួសធ្ងន់បានបន្តមកសង្គ្រោះនៅបន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
សូមរំលឹកថាជារឿយៗរាល់ខែពិសាខដើមឆ្នាំភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់តែងតែបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូកដោយសារឃុំនេះមានភូមិសាស្ត្រជាប់បឹងទន្លេសាប ហើយកន្លងមកប្រជាពលរដ្ឋរស់នៅទីនោះគឺជាអ្នករស់នៅលើផ្ទះបណ្ដែតទឹកតូចៗ ។ប៉ុន្តែចាប់តាំងពីមានកំណែទម្រង់មិនឲ្យមានការរស់នៅលើផ្ទះបណ្ដែតទឹករួចមក ពួកគាត់ត្រូវបានរៀបចំឲ្យរស់នៅលើគោក ដោយខ្លះសង់ផ្ទះថ្មី ខ្លះគ្រាន់តែ តម្កល់ផ្ទះបណ្ដែតទឹកដែលមានស្រាប់ដាក់លើគោក និងបន្តរស់នៅ ចំណែកខ្លះទៀតមានលទ្ធភាព អាចសង់ផ្ទះថ្មីរឹងមាំ ៕



















ចែករំលែកព័តមាននេះ