រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកស្រាវជ្រាវហើយឈានទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួច រថយន្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារ ដេប៉ូទី៣ គេចទៅលាក់ខ្លួន នៅចំណុចភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
ជនសង្ស័យរូបនោះឈ្មោះ មាស សំណាក់ ហៅ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។
តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៩យប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះពីបទលួច(លួចរថយន្ត០១គ្រឿងម៉ាក TOYATA PRIUS ស៊េរីឆ្នាំ២០០៧ ពណ៍ប្រផេះ) ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១និ២៥នាទីយប់រំលងអាធ្រាត ។
ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ ថុល រ៉ាឌី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដករហូតរថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួចយកទៅ។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕



ចែករំលែកព័តមាននេះ