ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ូ​ហ្ក​ង់​ដា​បង្ហាញ​ឆន្ទៈ​ប្រយុទ្ធ​ក្នុង​សង្គ្រា.ម​នៅ​មជ្ឈិមបូព៌ា ដោយ​ឈរ​ខាង​អ៊ី​ស្រា​អែ​ល

1 នាទី មុន

ទីក្រុង​កំ​ប៉ា​ឡា ៖ មេបញ្ជាការ​កងទ័ព​របស់​ប្រទេស​អ៊ូ​ហ្ក​ង់​ដា​បាន​សរសេរ​សារ​ដ៏​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ ថា ខណៈ​ពេល​ដែល​ប្រទេស​អ៊ូ​ហ្ក​ង់​ដា​ចង់ឱ្យ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បញ្ចប់​នោះ ខ្លួន​នឹង​ឈរ​នៅ​ខាង​អ៊ី​ស្រា​អែ​ល ប្រសិនបើ​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ការ​បរាជ័យ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត…

ទីក្រុង​កំ​ប៉ា​ឡា ៖ មេបញ្ជាការ​កងទ័ព​របស់​ប្រទេស​អ៊ូ​ហ្ក​ង់​ដា​បាន​សរសេរ​សារ​ដ៏​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ ថា ខណៈ​ពេល​ដែល​ប្រទេស​អ៊ូ​ហ្ក​ង់​ដា​ចង់ឱ្យ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បញ្ចប់​នោះ ខ្លួន​នឹង​ឈរ​នៅ​ខាង​អ៊ី​ស្រា​អែ​ល ប្រសិនបើ​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ការ​បរាជ័យ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត New York Post របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់​តួ​ក​គី​យ៉េ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦​។

ឧត្តមសេនីយ៍ Muhoozi Kainerugaba ប្រធាន​កងកម្លាំង​ការពារ​ប្រជាជន​អ៊ូ​ហ្ក​ង់​ដា និង​ជា​កូនប្រុស​របស់​លោក​ប្រធានាធិបតី Yoweri Museveni បាន​សរសេរ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម X ថា «​យើង​ចង់ឱ្យ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បញ្ចប់​ឥឡូវនេះ​។ ពិភពលោក​ធុញទ្រាន់​នឹង​វា​ហើយ​។ ប៉ុន្តែ​ការ​និយាយ​ណាមួយ​អំពី​ការ​បំផ្លាញ ឬ​កម្ចាត់​អ៊ី​ស្រា​អែ​ល នឹង​នាំ​យើង​ចូល​ទៅ​ក្នុង​សង្គ្រាម ដោយ​ឈរ​នៅ​ខាង​អ៊ី​ស្រា​អែ​ល​!»​។ សារ​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​ផ្ទុះ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​មាន​អ្នក​ចូល​មើល​ជាង ២ លាន​ដង​លើ​បណ្តាញ​សង្គម X ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦​។

បើ​ទោះបីជា​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​សត្រូវ​របស់​អ៊ី​ស្រា​អែ​ល ប៉ុន្តែ​ការ​កត់សម្គាល់​របស់​លោក Kainerugaba បាន​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​កាន់តែ​ខ្លាំង​ឡើង បន្ទាប់​ពី​ការ​វាយប្រហារ​ថ្មី​ៗ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់ និង​ការ​វាយប្រហារ​សងសឹក​ជា​បន្តបន្ទាប់​។ ដ្បិត​ភ្លើងសង្គ្រាម​បាន​ឆេះ​ខ្លាំង​ឡើង ចាប់តាំងពី​ចុងខែ​កុម្ភៈ​មក​ម្ល៉េះ ដោយ​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់ និង​របួស​ដ៏​ច្រើន និង​ផ្លាស់​ប្តូរ​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ដ្រូ​ន និង​មី​ស៊ី​ល​គ្រប់​ធុន​រវាង​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ ក៏​ដូច​ជា​ផល​ប៉ះពាល់​នៅ​ទូ​ទាំង​ប្រទេស​ជិតខាង​ផង​ដែរ​។

នៅ​ក្នុង​សារ​ដាច់​ដោយឡែក​មួយ លោក Kainerugaba ក៏​បាន​អះអាង​ថា «​អ៊ី​ស្រា​អែ​ល​បាន​ឈរ​ជាមួយ​យើង​នៅ​ពេល​យើង​គ្មាន​នរណា​ស្គាល់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ១៩៩០​។ ហេតុ​អ្វី​បានជា​យើង​មិន​ការពារ​ពួក​គេ ខណៈ​ដែល​ឥឡូវនេះ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​យើង​មាន​ចំនួន ១០០ ពាន់​លាន​ដុល្លារ? ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ធំ​ជាងគេ​នៅ​ទ្វីបអាហ្វ្រិក​»​។

លោក Kainerugaba ក៏​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ផង​ដែរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ចំពោះ​ការ​ប្រកាស​ផែនការ​សង់​រូបសំណាក​មួយ ដើម្បី​ជា​កិត្តិយស​ដល់​លោក Yonatan Netanyahu ដែល​ជា​បងប្រុស​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក Benjamin Netanyahu ដែល​ត្រូវ​បាន​សម្លាប់ ខណៈ​ពេល​លោក​កំពុង​ដឹកនាំ​កង​កុម្ម៉ង់ដូ​អ៊ី​ស្រា​អែ​ល អំឡុង​ពេល​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង​ជាង​១០០​នាក់ នៅ​ទីក្រុង Entebbe ប្រទេស​អ៊ូ​ហ្ក​ង់​ដា ឆ្នាំ​១៩៧៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ