ទីក្រុងសេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងត្រៀមបញ្ចេញថវិកាជំនួយបន្ថែម ដែលត្រូវបានហៅថា «ថវិកាបន្ថែមសម័យសង្គ្រាម» ជិត ១៧ ពាន់លានដុល្លារអាមេរិក និងបន្ថែមការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់ ជំរុញឱ្យតម្លៃថាមពលកើនឡើងខ្ពស់ ដោយសារផលរំខានលើការផ្គត់ផ្គង់សកល។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ថា រដ្ឋាភិបាលមានគោលបំណងរៀបចំថវិកាបន្ថែមចំនួន ២៥ ទ្រីលានវ៉ុន ឬ ១៦,៦ ពាន់លានដុល្លារអាមេរិក នៅខែក្រោយ ដែលទទួលបានមូលនិធិពីចំណូលពន្ធលើស ដើម្បីឆ្លើយតបនឹងផលប៉ះពាល់បណ្តាពីសង្គ្រាមមជ្ឈិមបូព៌ាដែលអូសបន្លាយ។
រដ្ឋមន្ត្រីក្រសួងរដ្ឋមន្ត្រីក្រសួងផែនការ និងថវិកាកូរ៉េខាងត្បូង លោក Park Hong-keun ក៏បានថ្លែងផងដែរថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងគាំទ្រដល់បណ្តាក្រុមហ៊ុនខ្នាតតូច និងមធ្យម និងគ្រួសារងាយរងគ្រោះពីផលប៉ះពាល់ដោយសង្គ្រាមអូសបន្លាយ។ លោកថា ដំបូងរដ្ឋាភិបាលនឹងបន្ធូរបន្ថយបន្ទុកលើប្រជាពលរដ្ឋបណ្តាលមកពីតម្លៃប្រេងខ្ពស់ និងគាំទ្រដល់ការអនុវត្តដោយរលូននៃប្រព័ន្ធកំណត់តម្លៃប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈក្នុងស្រុក និងកាត់បន្ថយថ្លៃប្រេងឥន្ធនៈ។
លោក Han Byung-do មេដឹកនាំសភារបស់គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បានថ្លែងថា លោក និងរដ្ឋាភិបាលនឹងពន្លឿនការពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ថវិកាក្នុងរដ្ឋសភា ដោយសង្កត់ធ្ងន់ថា គ្មានហេតុផលសម្រាប់ការពន្យារពេលណាមួយឡើយ។ លោកប្រធានាធិបតី Lee Jae Myung ធ្លាប់បានជំរុញឱ្យរដ្ឋាភិបាលរៀបចំថវិកាបន្ថែមដែលមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព គាំទ្រដល់ឧស្សាហកម្មដែលរងផលប៉ះពាល់ និងពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។
បើតាមក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃថាមពល ការកាត់បន្ថយពន្ធប្រេងឥន្ធនៈក៏នឹងត្រូវបានពង្រីកបន្ថែមផងដែរពី ៧% ដល់ ១៥% លើប្រេងសាំង និងពី ១០% ទៅ ២៥% លើប្រេងម៉ាស៊ូត។
លោកប្រធានាធិបតី Lee Jae Myung កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា វិបត្តិថាមពលដែលកំពុងតែបន្ត អាចដាក់បន្ទុក និងបង្កភាពរអាក់រអួលដែលមិននឹកស្មានដល់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េខាងត្បូង ដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពស្មុគស្មាញជាងពេលមុន។
ការនាំចូលភាគច្រើនរបស់កូរ៉េខាងត្បូង រួមទាំងប្រេងផងនោះ បានឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់ពិភពលោក បច្ចុប្បន្នត្រូវបានបិទដោយអ៊ីរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារលើប្រទេសនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយសង្គ្រាមបានអូសបន្លាយពេលមកទល់ពេលនេះ៕ ប្រភព ៖ AFP

ចែករំលែកព័តមាននេះ