ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យបានឆាបឆេះគំនរសំរាមជ័របាតស្បែកជើងចាស់ៗ និងកង់ឡានចាស់ៗ ដែលស្ថិតនៅទីតាំងដីឡូត៍ទុកចោលមួយកន្លែង ។ កំលាំងសមត្ថកិច្ចស្រុកសំរោងទង និងនគរបាលខេត្តកំពង់ស្ពឺកំពុងតែចេញអន្ដរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍អគ្គិភ័យឆេះគំនរសំរាម និងជ័របាតស្បែកជើងចាស់ៗ និងកង់ឡានចាស់ៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថៃ្ងទី១៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបាននិយាយដឹងថា ម្ចាស់ដីឡូត៍ ដែលភ្លើងបានឆាបឆេះសំបកកង់រថយន្ដ និងបាតស្បែកជើងចាស់ៗដែលទុកចោលនោះមានឈ្មោះ ZHOA HONGXING ភេទប្រុស អាយុ៤០ឆ្នាំ
(ជាជនជាតិចិន) ស្នាក់នៅភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ចំពោះករណីខាងលើនេះដែរ បង្កឱ្យមានការខូចខាតឆេះសំបកកង់រថយន្ដចាស់ៗ និងឆេះបាតស្បែកជើងចាស់ៗ មិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តដឹងទៀតថា ដោយឡែក កិច្ចប្រតិបត្តិការអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត កម្លាំងនគរបាលចុះទៅដល់ទីតាំងជួយអន្តរាគមន៍បាញ់ពន្លត់ចំនួន២០នាក់ និងប្រជាការពារភូមិចំនួន១២នាក់ផងដែរ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីដីឡូត៍ទុកចោលមួយកន្លែងដែលគេដឹងថា ម្ចាស់ទីតាំងបានដឹកជ័រស្បែកជើងចាស់ៗ និងកង់ឡានចាស់ៗយកមកទុកចោលនៅក្នុងទីតាំងដីឡូត៍ខាងលើនោះ។
ហេតុការណ៍អគ្គីភ័យឆាបឆេះគំនរសំរាម និងកង់ឡានចាស់ៗនៅក្នុងដីឡូត៍ខាងលើនេះ។មូលហេតុបណ្ដាលមកពីករណីឆេះជញ្ច្រាំងស្រូវ ហើយរាលដាលក៏ក្លាយជាអគ្គីភ័យឆាបឆេះទីតាំងខាងលើតែម្ដងទៅ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍បាញ់ពន្លត់ដោយរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលស្រុកសំរោងទង និងខេត្តកំពង់ស្ពឺផងដែរ រហូតមកដល់ពេលនេះ ស្ថានភាពសមត្ថកិច្ចបានគ្រប់គ្រងភាគរយហើយ ៕





ចែករំលែកព័តមាននេះ