ទីក្រុងតេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងមិនផ្ទេរអាវុធអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់ខ្លួនទៅឱ្យប្រទេសក្រៅឡើយ ហើយការបញ្ជូនវាទៅឱ្យសហរដ្ឋអាម៉េរិក គឺជារឿងដែលមិនធ្លាប់មាននៅក្នុងការពិចារណាទាល់តែសោះ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៨ ខែមេសានេះ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺជាការអនុវត្តតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលបានប្រកាសកាលពីថ្ងៃទី៨ ខែមេសាប៉ុណ្ណោះ មិនមែនជាសញ្ញានៃការបើកផ្លូវការទូតថ្មីណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។
ទោះបីជាអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រ Hormuz ឱ្យមានចរាចរណ៍នាវាពាណិជ្ជកម្មឡើងវិញក្នុងអំឡុងពេលឈប់បាញ់ក៏ដោយ ប៉ុន្តែលោក Baghaei បានចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានរំលោភលើកិច្ចសន្យាចាប់តាំងពីដើមទី ដោយមិនបានពង្រីកវិសាលភាពនៃបទឈប់បាញ់នេះទៅដល់ប្រទេសលីបង់ ដូចដែលបានព្រមព្រៀងគ្នានោះទេ។ លោកថែមទាំងបានព្រមានយ៉ាងធ្ងន់ៗថា អ៊ីរ៉ង់នឹងចាត់វិធានការតបតវិញភ្លាមៗ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តការបិទខ្ទប់នាវាដែលធ្វើដំណើរចេញចូលកំពង់ផែរបស់អ៊ីរ៉ង់។
ស្ថានភាពបច្ចុប្បន្ននៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ិស្លាម៉ាបាតបានបរាជ័យកាលពីសប្តាហ៍មុន រហូតឈានដល់ការដាក់គំនាបសេដ្ឋកិច្ច និងយោធាដាក់គ្នាទៅវិញទៅមកនៅតាមច្រកសមុទ្រយុទ្ធសាស្ត្រ។ ទោះជាយ៉ាងណា យោងតាមរបាយការណ៍បានឱ្យដឹងថា កិច្ចចរចាជុំទីពីររវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ អាចនឹងត្រូវធ្វើឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសប៉ាកីស្ថាននាថ្ងៃអាទិត្យស្អែកនេះ ដើម្បីព្យាយាមដោះស្រាយវិបត្តិដែលកំពុងឡើងកម្ដៅខ្លាំងនេះ៕
ចែករំលែកព័តមាននេះ