ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO សង្ស័យ​អ្នក​ឆ្លង​មេរោគ​អេបូឡា​ស៊េរី​ថ្មី​មាន​ជាង​៩០០​នាក់​ និង​ស្លា.ប់​ជាង​២០០​នាក់

4 ម៉ោង មុន

ទី​ក្រុង​ហ្សឺណែវ៖ ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ថ្លែង​ថា​មនុស្ស​៩០៦​នាក់​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​សង្ស័យ​ថា​ប្រហែល​ជា​បាន​ឆ្លង​មេរោគ​​​អេបូឡា​សន្តាន​ថ្មី​នៅ​សា​ធារ​ណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​។ នៅ​ក្នុង​ចំណោម​នោះ អ្នក​ជំងឺ​២២៣​នាក់​​បាន​ស្លាប់​ហើយ​ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រក​ការ​ពិត​។ ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​អេបូឡា​សន្តាន​ថ្មី​ឈ្មោះ​ប៊ុន​ឌី​បាក់​យ៉ូ (Bundibugyo) កំពុង​រីក​សាយ​ភាយ​នៅ​កុង​ហ្គោ​។ នៅ​ប្រទេស​អ៊ូហ្កង់​ដា​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​កុង​ហ្គោ​ក៏​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ផង​ដែរ​។​

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ មាន​ភស្តុ​តាង​បញ្ជាក់​ច្បាស់​លាស់​ថា​នៅ​កុង​ហ្គោ​មាន​​អ្នក​ឆ្លង​ជំងឺ​អេបូឡា​១២៥​នាក់​​។ ​ក្នុង​​នោះ ១៧​នាក់​ស្លាប់​នៅ​អ៊ីធូរី (Ituri), គីវូខាង​ជើង (North Kivu) និង​គីវូ​ខាង​ត្បូង (South Kivu)។ នៅ​អ៊ូហ្កង់​ដា ​​អាជ្ញាធរ​​សុខា​ភិបាល​ក៏​បញ្ជាក់​​ផង​ដែរ​ថា​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​​ចំនួន​៧​នាក់​​។ ក្នុង​​នោះ ៣​នាក់​ឆ្លង​ពី​កុង​ហ្គោ​ និង​ម្នាក់​បាន​ស្លាប់​ហើយ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ គេ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ថា​មាន​ករណី​ឆ្លង​ជា​លក្ខណៈ​សហគមន៍​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​។

នៅ​ដំណាក់​កាល​ចុង​ក្រោយ ក្រសួង​សុខាភិបាល​អ៊ូហ្កង់​ដា​ប្រកាស​ថា​ខ្លួន​រក​ឃើញ​អ្នក​ឆ្លង​កើន​ឡើង​ដល់​៩​នាក់​។ អង្គការ​សុខ​ភាព​ពិភព​លោក​ថ្លែង​​កាល​ពី​ដើម​ខែ​ឧសភា​ថា​ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​អេបូឡា​នៅ​កុង​ហ្គោ​ទំនង​ជា​ចាប់​ផ្ដើម​តាំង​ពី​ពីរ​ខែ​មុន​មក​ម៉្លេះ​។ ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​អេបូឡា​សន្ដាន​ប៊ុន​ឌី​បាក់​យ៉ូ​នេះ​ត្រូវ​អង្គ​ការ​សុខ​ភាព​ពិភពលោក​ប្រកាស​ថា​ជា​គ្រោះ​អាសន្ន​​សម្រាប់​សុខ​ភាព​សា​ធា​រណៈ​ជា​អន្តរ​ជាតិ​។ មេរោគ​នេះ​គ្មាន​វ៉ាក់​សាំង​សម្រាប់​ទប់​ស្កាត់​ទេ​។ ​​សូម្បី​ក្រុម​អ្នក​ជំនាញ​ក៏​ភ្ញាក់​ផ្អើល​ផង​ដែរ​ព្រោះ​វា​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​រយៈ​ពេល​យូរ ​ហើយ​នៅ​តែ​សម្ងំ​លាក់​ខ្លួន​បាន​ល្អ​ណាស់​។​ គេ​មិន​អាច​ដឹង​ថា​នរណា​ម្នាក់​ឆ្លង​មេរោគ​នេះ​ឡើយ​​​រហូត​ដល់​សឹង​តែ​ហួស​ពេល​ទៅ​ហើយ​ទើប​ចេញ​រោគ​សញ្ញា​។

អត្រាមរណភាព​នៅ​ក្នុង​ចំណោម​​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​នេះ​​គឺ​​៣០%-៥០%​។ នេះ​បើ​យោង​តាម​មន្ត្រី​ជំនាញ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​។ នេះ​ជា​អត្រា​ខ្ពស់​ណាស់​។ មាន​ន័យ​ថា​នៅ​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ​១០​នាក់​ លទ្ធ​ភាព​ស្លាប់​អាច​មាន​រហូត​ដល់​ទៅ​៥​នាក់​ឯណោះ​។ នេះ​ជា​ទិន្ន​ន័យ​បឋម​តែ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ការ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​។ ការ​មើល​ថែ​ទាំ​សុខ​ភាព​ពី​ដំបូង​ដៃ​អាច​នឹង​ជួយ​កាត់​បន្ថយ​អត្រា​មរណ​ភាព​។ អ្នក​ជំងឺ​អេបូឡា​ដែល​បាន​ជា​សះ​ស្បើយ​ដំបូង​គេ​បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៃ​ប្រទេស​កុង​ហ្គោ​បន្ទាប់​ពី​គាត់​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​២​ដង​ លទ្ធ​ផល​អវិជ្ជ​មាន​ទាំង​២​ដង​៕ ប្រភព៖ Reuters