ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទេសចរអង់គ្លេសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ម៉ូតូ​ តែបានបរិច្ចាគសរីរាង្គជួយមនុស្ស ៣នាក់នៅ​​​វៀតណាម

1 ម៉ោង មុន

ប្រទេសវៀតណាម៖ ប៉ូលិសខេត្តទ្វៀនក្វាង ​ភាគខាងជើងប្រទេសវៀតណាម បានបើកការចោទប្រកាន់ជាផ្លូវការតាមផ្លូវច្បាប់ព្រហ្មទណ្ឌលើអ្នកបើកបរម៉ូតូឌុបម្នាក់ឈ្មោះ សុង សែវ ជិញ អាយុ ៤២ឆ្នាំ ពីបទបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនរក្សាគម្លាតសុវត្ថិភាព រហូតបង្កគ្រោះថ្នាក់បុកទង្គិចម៉ូតូខាងមុខ និងឡានដឹកទំនិញ បណ្ដាលឱ្យភ្ញៀវទេសចរស្រីជនជាតិអង់គ្លេស​ស្លាប់បាត់បង់ជីវិត កាលពីចុងខែមីនាកន្លងទៅ ក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវភ្នំមួយកន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី២៩ ខែឧសភានេះ។

ក្រោយការស្លាប់របស់នាង ក្រុមគ្រួសារបានសម្រេចចិត្តបរិច្ចាគសរីរាង្គ (ថ្លើម និងតម្រងនោមទាំងពីរ) របស់នាង ដែលបានជួយសង្គ្រោះជីវិតអ្នកជំងឺវៀតណាមស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរចំនួន ៣នាក់ ឱ្យមានឱកាសរស់ឡើងវិញ។ ជុំវិញសោកនាដកម្មនេះ អាជ្ញាធរវៀតណាមបានប្រកាសរឹតបន្តឹង និងគ្រប់គ្រងលើសេវាកម្មក្រុមហ៊ុនទេសចរណ៍ជិះម៉ូតូកម្សាន្តនៅតំបន់នោះយ៉ាងម៉ឺងម៉ាត់ ដោយហាមឃាត់ដាច់ខាតចំពោះអាជីវកម្មគ្មានច្បាប់ និងតម្រូវឱ្យធានាសុវត្ថិភាពអ្នកបើកបរ និងយានយន្តឱ្យបានត្រឹមត្រូវបំផុត៕