ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាលោកនឹងសម្រេចចិត្តនាពេលឆាប់ៗនេះទៅលើកិច្ចព្រមព្រៀងថ្មីៗរវាងអាមេរិក និងអ៊ីរ៉ង់ដើម្បីបន្តសុពលភាពនៃបទឈប់បាញ់រយៈពេល៦០ថ្ងៃទៅមុខទៀត។ លោកថ្លែងដូច្នេះទោះបីប្រទេសទាំង២នៅតែមានចំណុចខ្វែងគំនិតគ្នានៅក្នុងបញ្ហាធំៗយ៉ាងណាក្ដី ឧទាហរណ៍បញ្ហានុយក្លេអ៊ែរជាដើម។ ដោយសារនុយក្លេអ៊ែរនេះហើយដែលនាំឱ្យផ្ទុះសង្គ្រាមរហូតដល់ទម្លាក់គ្រាប់បែកស្លាប់ទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ថែមទៀត។ សូម្បីតែមេដឹកនាំថ្មីក៏មិនទាន់ដឹងថាគាត់មានសុខទុក្ខយ៉ាងណានៅឡើយទេ។ ប្រភពខ្លះថាគាត់ត្រូវវះកាត់កែមុខមាត់ឱ្យបានស្អាតព្រោះកាលពីពេលវាយប្រហារនោះធ្វើឱ្យគាត់ខូចមុខខូចមាត់អស់រលីង។

ត្រាំថ្លែងកាលពីយប់មិញថាលោកនឹងកោះប្រជុំនៅក្នុងបន្ទប់សន្តិសុខនៃសេតវិមានដើម្បីចេញសេចក្ដីសម្រេចនៅវគ្គផ្ដាច់ព្រ័ត្រទៅលើសំណើនោះ។ មន្ត្រីសេតវិមានម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះថ្លែងថាការជួបគ្នានៅ «បន្ទប់ស្ថានការណ៍» នោះបានប្រព្រឹត្តទៅរយៈពេល២ម៉ោង។ ប៉ុន្តែមិនទាន់បានចេញជាសាច់ការថាលោកត្រាំបានសម្រេចចិត្តយ៉ាងណានៅឡើយទេ។ មន្ត្រីរូបនោះប្រាប់ថាលោកត្រាំទាល់តែកិច្ចព្រមព្រៀងនោះល្អសម្រាប់ផលប្រយោជន៍អាមេរិកាំង និងត្រូវតាមការកំណត់បន្ទាត់ក្រហមរបស់គាត់ទើបគាត់យល់ព្រមទទួលយក។ ពោលគឺអ៊ីរ៉ង់ដាច់ខាតមិនអាចមានអាវុធនុយក្លេអ៊ែរទេ។

មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថាកិច្ចព្រមព្រៀងនោះបានចប់សព្វគ្រប់ទៅហើយនៅឡើយរង់ចាំតែការអនុម័តយល់ព្រមប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី លោកត្រាំក៏ឆ្លៀតនិយាយផងដែរថាអ៊ីរ៉ង់ក៏ត្រូវតែបិទបញ្ចប់ការបិទខ្ទប់ច្រកសមុទ្រហ័រម៉ូស និងរុះរើចោលឱ្យអស់នូវលទ្ធភាពនៃការផលិតអាវុធនុយក្លេអ៊ែរផងដែរ។ លក្ខខណ្ឌទាំង២នេះអ៊ីរ៉ង់មិនទាន់យល់ព្រមនៅឡើយទេ។ ត្រាំថ្លែងថាអ៊ីរ៉ង់ត្រូវតែទទួលស្គាល់ថាពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកនុយក្លេអ៊ែរជាដាច់ខាត។ ច្រកសមុទ្រហ័រម៉ូសត្រូវតែបើកជាបន្ទាន់។

ទីភ្នាក់ងារព័ត៌មានហ្វាស់របស់អ៊ីរ៉ង់ (Fars) បានដកស្រង់ប្រភពជាច្រើនមកចុះផ្សាយថាសារនយោបាយរបស់លោកត្រាំជាការប៉ុនប៉ងបង្ហាញទៅពិភពលោកថាលោកជាអ្នកទទួលជ័យជម្នះ។ ប៉ុន្តែមែនទែនទៅ នោះជាជ័យជម្នះក្លែងក្លាយតែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ដែលស្នើសុំមិនបញ្ចេញឈ្មោះថ្លែងថាប្រសិនបើប្រទេសទាំង២មានកិច្ចព្រមព្រៀងជាមួយគ្នាក៏មិនរួមបញ្ចូលទាំងបញ្ហានុយក្លេអ៊ែរនោះដែរ។ ចំណែកបញ្ហាច្រកសមុទ្រហ័រម៉ូសបើកឡើងវិញនៅពេលណាអាស្រ័យទៅលើប្រទេសអ៊ីរ៉ង់ និងអូម៉ង់ជាអ្នកសម្រេច។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ