ទីក្រុងវៀងចន្ទន៍៖ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនៅក្នុងរូងភ្នំខេត្តសៃសូមប៊ូនប្រទេសឡាវ បានឈានចូលដល់ថ្ងៃទី៩ ហើយ ដោយកាន់តែមានសភាពតានតឹង និងប្រឈមនឹងហានិភ័យខ្ពស់ខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី២៩ ខែឧសនេះ។
អាជ្ញាធរឡាវបានសម្រេចចិត្តស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ ដោយនាំយកក្រុមអ្នកជំនាញមុជទឹករូងភ្នំ និងអណ្តូងរ៉ែលំដាប់អន្តរជាតិមកពី ៥ ប្រទេស រួមមាន៖ បារាំង, អូស្ត្រាលី, ជប៉ុន, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ព្រមទាំងឧបករណ៍បច្ចេកវិទ្យាមុជទឹកទំនើបៗ ដើម្បីមកជួយគាំទ្រកម្លាំងសង្គ្រោះឡាវ និងថៃ ក្នុងការស្វែងរកអ្នកភូមិ ២ នាក់ចុងក្រោយដែលកំពុងបន្តជាប់គាំង។
ការកៀរគរអ្នកជំនាញកម្រិតពិភពលោកនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាន និងផែនទីក្នុងរូងភ្នំពីអ្នកភូមិ ៥ នាក់ដំបូងដែលត្រូវបានជួយសង្គ្រោះដោយជោគជ័យកាលពីថ្ងៃទី២៧ ឧសភា។ ប្រធានក្រុមសង្គ្រោះថៃបានលាតត្រដាងថា ផ្លូវឆ្ពោះទៅរកអ្នកភូមិ ២ នាក់ចុងក្រោយនោះ គឺមានភាពលំបាក និងគ្រោះថ្នាក់ជាងមុនឆ្ងាយណាស់ ដោយសារក្រុមអ្នកមុជទឹកត្រូវហែលមុជចុះក្រោមជម្រៅរហូតដល់ ៣០ ម៉ែត្របន្ថែមទៀត កាត់តាមប្រឡាយទឹកក្រោមដីដែលមានច្រកតូចចង្អៀតខ្លាំង និងមានផ្លូវបែកខ្នែងជាច្រើនអន្លើ។
ទោះបីជាបច្ចុប្បន្ន ក្រុមការងារបានបូមទឹកចេញពីរូងភ្នំអស់ហើយក្តី ប៉ុន្តែការធ្លាក់ភ្លៀងបន្តបន្ទាប់ដែលអាចធ្វើឱ្យទឹកជំនន់ឡើងមកវិញភ្លាមៗ គឺជាក្តីបារម្ភដ៏ធំ ដែលទាមទារឱ្យមានក្រុមការងារអន្តរជាតិត្រៀមលក្ខណៈឆ្លើយតបសង្គ្រោះបន្ទាន់ ២៤ ម៉ោងលើ ២៤ ម៉ោង៕
ចែករំលែកព័តមាននេះ