ស្ត្រីដែលផ្សាយមានករណីចាប់ក្មេងនៅសាលារៀន ជារឿងមិនពិត ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ
- កណ្តាល
ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ដែលបានផ្សាយតាមបណ្តាញសង្គមផ្ទាល់ខ្លួនថា មានករណីចាប់ក្មេងនៅសាលារៀននៅស្រុកស្អាង ខេត្តកណ្តាលនោះ ជាករណីមិនពិត ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
យោងតាមការចេញផ្សាយរបស់អធិការរដ្ឋាននគបាលស្រុកស្អាង នៅថ្ងៃទី ២៨ឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា កុំដើម្បីផលប្រយោជន៍ខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈនោះ មានករណី:បង្ហោះព័ត៌មានមិនពិត ប៉ះពាល់ដល់សន្តិសុខសង្គម(តាមFacebook) កើតហេតុថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង៣០ នាទីយប់ នៅចំណុចគល់ស្ពានក្បាលអូរ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ វ៉ាត ស្រីណាល់ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរលក់បុកល្ហុង មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក ១-ទូរស័ព្ទដៃចំនួន០១គ្រឿង TECNO SPARK ពណ៌ខ្មៅ។
ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៦ល្ងាច ឈ្មោះ វ៉ាត ស្រីណាល់ បានមកជួយលក់បុកល្ហុងកូនស្រីឈ្មោះ ចាន់ ស្រីណុច ហើយពេលនោះ ក៏មានមនុស្សស្រីម្នាក់ដែលមិនស្គាល់ឈ្មោះបានមកចូលហូបបុកល្ហុង រួចបាននិយាយរឿងរ៉ាវទាក់ទងទៅនឹងការចាប់ក្មេងនៅសាលារៀនវត្តឱង្ការាមដោយអ្នកចាប់ស្លៀកពាក់ឯកសណ្ឋានប៉ូលិស បានចាប់ក្មេងពីរនាក់ ហើយជិះទៅដល់ផ្លូវធន់មន្ត រួចបានទម្លាក់ក្មេងចោលនៅទីនោះ ។
បន្ទាប់ពីបានព័ត៌មានពីមនុស្សស្រីម្នាក់ដែលមិនស្គាល់ឈ្មោះមកហូបបុកល្ហុងរួចមក ឈ្មោះ វ៉ាត ស្រីណាល់ បានធ្វើវីដេអូថតអធិប្បាយនៅក្នុងផេករបស់គាត់ ដោយដាក់ឈ្មោះ ម៉ាក់ កញ្ចនា នៅក្នុងផ្ទះបាយស្ថិតនៅភូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
បន្ទាប់ពីរបានឃើញវីដេអូឃ្លីបខាងលើនេះភ្លាម កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានចុះស្រាវជ្រាវស្វែងរកកំណត់អត្តសញ្ញាណ ។ លុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង២៣នាទី កម្លាំងព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានកំណត់មុខសញ្ញាច្បាស់បានអញ្ជើញឈ្មោះ វ៉ាត ស្រីណាល់ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វ៉ាត ស្រីណាល់ បានសារភាពថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានមិនពិតទេ ដោយខ្លួនចង់ឱ្យផេករបស់ខ្លួនផ្ទុះការចាប់អារម្មណ៍ និងមានមានអ្នកចូលមើលច្រើន និងមានឡាចស៊ែរច្រើន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ