ទីក្រុងញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានចេញមុខអំពាវនាវយ៉ាងទទូចឱ្យមានការកាត់បន្ថយភាពតានតឹង និងឈប់បាញ់គ្នាជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៩ ខែឧសភានេះ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះ លោកបានព្រមានថា គន្លងនៃជម្លោះបច្ចុប្បន្នកំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការរអិលធ្លាក់ចូលទៅក្នុងស្ថានភាព «គ្រប់គ្រងលែងបាន» ដែលអាចបង្កជាផលវិបាកដ៏ធ្ងន់ធ្ងរដោយអចេតនា។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីចុងសប្ដាហ៍មុន ដើម្បីសងសឹកនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីខ្លួន។ តាមទិន្នន័យរបស់ UN បានបង្ហាញថា គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ជនស៊ីវិលអ៊ុយក្រែនជាង ១៥,០០០នាក់បានបាត់បង់ជីវិត (ក្នុងនោះមានកុមារជិត ៨០០នាក់) ខណៈចំនួនជនស៊ីវិលរងគ្រោះនៅក្នុងប្រទេសរុស្ស៊ីក៏កំពុងកើនឡើងដូចគ្នា។
លោក Guterres បានសង្កត់ធ្ងន់ថា ស្ថានភាពខ្សែត្រៀមជួរមុខបច្ចុប្បន្នកំពុងជាប់គាំង ខណៈការប្រើប្រាស់ដ្រូន និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលកំពុងធ្វើឡើងក្នុងទ្រង់ទ្រាយធំ ហេតុនេះមានតែផ្លូវការទូត និងការគោរពច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបអាចបង្កើតសន្តិភាពប្រកបដោយចីរភាពបាន៕
ចែករំលែកព័តមាននេះ